ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងព័ត៌មាននឹងចាត់វិធានការ ចំពោះបុគ្គល ឬស្ថាប័នណាដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជួន បូណា មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន នឹងចាត់វិធានការលើបុគ្គលឬស្ថាប័នណាដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ខណៈកន្លងមក មានអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក ក៏ដូចជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មាន ដែលធ្វើអោយប៉ះពាល់ និងមានការភ័ណ្ឌច្រឡំដល់សាធារណៈជន និងបំពុលសង្គម ។ ការចាត់វិធានការបែបនេះធ្វើទ្បើងក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែកក្កដា នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងឈប់ប្រើវិធានការអប់រំទៀតហើយ ដោយប្រើវិធានការច្បាប់មកអនុវត្តវិញម្តង ខណៈដែលក្រសួងបានសង្កេតឃើញថា នាពេលថ្មីនេះ អ្នកលេងបណ្តាញសង្គម ក៏ដូចជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ដែលធ្វើអោយប៉ះពាល់ដល់សង្គមទាំងមូល។ ឯកឧត្ដម បានបន្តថា ការចាត់វិធានការណ៍ចំពោះអ្នកលេងបណ្តាញសង្គម និងស្ថាប័នផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលធ្វើអោយបំពុលលសង្គមនេះ គឺក្រសួងព័ត៌មានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទប់ស្កាត់ និងតាមដានស្ថានភាពប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមនៅកម្ពុជាដែលមិនត្រឹមត្រូវ ក្នុងការអនុវត្ដតាមនីតិវិធីច្បាប់។ ឯកឧត្ដម បានបញ្ជាក់ថា ការអនុវត្ដនេះ គឺជាការតម្រង់ទិសប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម អោយផ្សព្វផ្សាយតែព័ត៌មានពិត ច្បាស់លាស់ ការអប់រំ កំសាន្ដ និងផ្សព្វផ្សាយព័ត៌មានល្អៗអោយគ្នាទៅវិញទៅមក ដើម្បីជៀសវាងក្លាយជាវេទិការវាយប្រហា ជេរប្រម៉ាថ ដែលគ្មានមូលដ្ឋាន និងគ្មានការផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ។ សូមបញ្ជាក់ថា ប្រកាសរួមស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណែតនៅកម្ពុជាមាន១០ប្រការ។ ប្រការ២មានគោលដៅប្រឆាំងទប់ស្កាត់រាល់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កជាចលាចលបណ្ដាលអោយអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងប្រទេសដ៏ទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈការរើសអើង និងវប្បធម៌ប្រពៃណីជាតិ៕