ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា កសិកម្មនៅតែជាវិស័យអាទិភាព ទោះបីជា បច្ចុប្បន្នកម្ពុជា ផ្តោតការយកចិត្តទុកដាក់លើវិស័យឧស្សាហកម្មនិងសេវាកម្មក៏ដោយ

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ផន វាសនា៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.០០០នាក់មកពីរោងចក្រសហគ្រាស ចំនួន១៨នៅក្នុងខេត្តកណ្តាល ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។ សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលយកពន្ធដីស្រែពីប្រជាពលរដ្ឋនោះទេ តែផ្ទុយទៅវិញមានតែកសាង និងពង្រីកបន្ថែមនូវប្រព័ន្ធធារាស្រ្ត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល និងពង្រីកផ្ទៃដីដាំដុះបន្ថែម ខណៈដែលមានអ្នកខ្លះលើកឡើងថា សម្តេចគិតគូរតែកម្មករមិនគិតពីកសិករ។ សម្តេចតេជោ បន្ថែមថា ប្រទេសដែលអភិវឌ្ឍន៍ គឺត្រូវការជាចាំបាច់នូវការចូលរួមពីវិស័យ ឧស្សាហកម្ម និងសេវាកម្ម ប៉ុន្តែរាជរដ្ឋាភិបាល ក៏មិនបោះបង់វិស័យកសិកម្មចោលនោះដែរ ជាក់ស្តែងបច្ចុប្បន្ន យើងបានប្រែក្លាយពីប្រទេសដែលខ្វះស្រូវកាលពីអតីតកាល រហូតសល់នាំចេញទៅក្រៅប្រទេសជាង៥លានតោនក្នុងមួយឆ្នាំ ហើយក៏កំពុងតែខិតខំទាក់ទាញការវិនិ យោគលើវិស័យកសិកម្មនេះផងដែរ។