ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ

នៅព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋាន សាងសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់ចោមចៅ ក្បែរព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដែលជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ។

ស្ពានអាកាស និងផ្លូវក្រោមដីនេះ នឹងសាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) លើគម្រោងថវិកាប្រមាណ ២២លានដុល្លារ អាមេរិក ហើយគ្រោង ចំណាយ​ពេលសាងសង់ ៣០ខែ។ ការសាងសង់ស្ពាន អាកាស ត្រង់ចំណុចរង្វង់មូល ចោមចៅនេះ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ ដែលតែងកើតមានឡើង នាពេលកន្លងមក ជាពិសេស នៅចំណុចរង្វង់មូលចោមចៅ នេះតែម្តង ម៉្យាងវិញទៀត ផ្លូវនេះជាផ្លូវសេដ្ឋកិច្ច ដ៏សំខាន់ សម្រាប់ការដឹកជញ្ជូន ឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមាន កំពង់ផែសមុទ្រទឹកជ្រៅ នៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញ ចូលក្នុង និងក្រៅប្រទេសផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង និងមានមោទនភាព ចំពោះសមិទ្ធផល ស្ពានអាកាសថ្មី ទី ៦ ក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានបើកការដ្ឋាន សាងសង់ នាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ អំពីវឌ្ឍនៈភាពរីកចម្រើន នៃទីក្រុងភ្នំពេញ ដែលមុនឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញ ស្ទើរក្លាយទៅជាទីក្រុងខ្មោច ទៅហើយ ក៏ប៉ន្តែក្នុងរយៈពេល ៣៩ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា គឺទីក្រុងភ្នំពេញ បានប្រែមុខមាត់ថ្មី ដែលបច្ចុប្បន្ននេះ បានក្លាយទៅជាទីក្រុង ដ៏មមារញឹក ដែលកំណើនមនុស្ស យានយន្ត និង អគារតូចធំ កើនឡើង រីកដុះដាលដូចផ្សិត។ ភាពរីកចម្រើននេះហើយ ដែលបច្ចុប្បន្ន ទីក្រុងភ្នំពេញ ប្រឈមនឹងការកកស្ទះ ៣យ៉ាងរួមមាន៖ ១)កកស្ទះចរាចរណ៍ ២)កកស្ទះលូ និង ៣)កកស្ទះសំរាម។ មិនថាតែនៅកម្ពុជាទេ គឺនៅប្រទេសមួយចំនួន ផ្សេងទៀត ក៏មានការកកស្ទះដែរ ឧទាហរណ៍ជាក់ស្តែង គឺប៉ុន្មានថ្ងៃនេះ មានភ្លៀងធំធ្លាក់ មកយ៉ាងខ្លាំង ដែលធ្វើប្រព័ន្ឋលូបង្ហូរទឹក មិនទាន់ គឺបានធ្វើអោយកកស្ទះ។ ប្រពន្ឋ័លូនៅភ្នំពេញ ក៏មានការចូលរួមកែលម្អ យ៉ាងច្រើន ពីដៃគូអភិវឌ្ឍន៍ នៃប្រទេសជប៉ុន ហើយនៅពេលនេះ រាជរដ្ឋាភិបាល ក៏កំពុងខិតខំយកចិត្តទុកដាក់ ដោះស្រាយបញ្ហានេះ ជាបន្ទាន់ផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលស្ពានអាកាស ទី៦ ត្រង់ចំនុចរង្វង់មូលចោមចៅ បានសាងសង់រួចហើយ បញ្ហា នៃការកកស្ទះចរាចរណ៍ នឹងត្រូវបានកាត់បន្ថយ ហើយការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់បណ្តាខេត្តផ្សេងៗ កាន់តែមាន ភាពងាយស្រួល។ នៅពេលខាងមុខ យើងនឹងមានការសាងសង ស្ពានអាកាសថ្មីៗ ថែមទៀនៅទីក្រុងភ្នំពេញ។ បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញ មានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឲ្យប្រើប្រាស់ដូចជា ១)ស្ពានអាកាសក្បាលថ្នល់ ២)ស្ពានអាកាសស្ទឹងមានជ័យ ៣)ស្ពានអាកាស ៧មករា ៤)ស្ពានអាកាស ៥មករា (តិចណូ) និង ៥)ស្ពានអាកាសផ្សារដីហ៊ុយ ដែលនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ សម្តេចតេជោ នាយរដ្ឋមន្ត្រី ក៏សូមឲ្យបងប្អូន ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងបងប្អូន ដែលកំពុងរស់នៅ ជិត ឬរស់នៅក្នុងតំបន់ ដែលកំពុសាងសង់ស្ពានថ្នល់ សូមមានការយោគយល់ ព្រោះអាចរំខាន ដោយសម្លេងគ្រឿងចក្រ ប្រើប្រាស់ផ្លូវវាង និងការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលសាងសង់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសសារជាថ្មីថា នៅទី ១ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គ្រប់ក្រុមហ៊ុន លក់ប្រេងសាំង តាមស្ថានីយន៍ប្រេងឥន្ឋនៈទាំងអស់ ត្រូវអនុវត្តការបញ្ចុះតំលៃ ប្រេងសាំង ១៦០រៀល ក្នុង ១លីត្រ ដែលរាជរដ្ឋាភិបាល បានកំណត់រួចហើយ។ នេះគឺជាការគិតគូ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាថ្មីៗនេះ រាជរដ្ឋាភិបាល បានផ្តល់គោលនយោបាយ ទៅសាលារាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហា ជូនដល់បងប្អូន ប្រជាបលរដ្ឋ ដែលបានតាំងទីលំនៅ តាមមាត់ច្រាំងប្រឡាយ ក្នុងទីក្រុងភ្នំពេញ ដូចជាប្រឡាយ នៅស្ទឹងមានជ័យ ជាដើម គឺក្រោយពីអាជ្ញាធរ បានធ្វើប្រឡាយ និងចាក់ដីធ្វើគម្របលូ ឬគម្របប្រឡាយ រួចរាល់ហើយ គឺបងប្អូនអាចរស់នៅបន្ត លើទីតាំងនោះ ដោយស្របច្បាប់ ព្រោះបងប្អូនបានមករស់នៅទីនោះ ជាយូរមកហើយ បើអោយពួកគាត់ ទៅនៅទីកន្លែង ផ្សេគឺពិតជាលំបាក ហើយក៏គ្មានដី សម្រាប់ពួកគាត់ដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ គឺជាការដោះស្រាយ ស្របតាមគោនយោបាយឈ្នះ-ឈ្នះ។ ទន្ទឹមនឹងនេះដែរ គឺសម្តេចតេជោ បានមានប្រសាសន៍ថា នៅថ្ងៃអនាគត់ គឺចង់ឲ្យមានការកាត់បន្ថយ ទំហំប្រឡាយ នៅតាមវាស្រែ ទូទាំងប្រទេស ដែលមិនចាំបាច់ ដើម្បីយកផ្ទៃដីក មកប្រើប្រាស់អោយបានច្រើន ជាជាងទុកប្រឡាយ ដែលគ្មានប្រយោជន៍ ទាំងនោះទុកចោល។

មុននឹងបញ្ចប់ពិធី សម្តេតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី បានអញ្ជើញចុចប៊ូតុង បញ្ជារគ្រឿងចក្រ ជានិមិត្តរូប នៃការបើកការដ្ឋាន សាងសង់ស្ពាន អាកាសថ្មី ទី៦ និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ ចាប់ពីពេលនេះតទៅ ព្រមទាំងបានជូនពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខ ចម្រើនគ្រប់ៗគ្នាកុំបីខាន៕