ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងអប់រំព្រមានចាត់វិធានការក្តៅចំពោះបេក្ខជន និងបុគ្គលិកអប់រំដែលប្រព្រឹត្តិផ្ទុយនឹងបទបញ្ជាពេលប្រឡងបាក់ឌុប

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកចេម ហួត

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាព្រមានចាត់វិធានការរឹតរឹងចំពោះបេក្ខជន និងបុគ្គលិកអប់រំដែលប្រព្រឹ​ត្តិផ្ទុយនឹងបទបញ្ជាពេលប្រឡងបាក់ឌុបដើម្បីធានាបាននូវគុណភាពនៃការអប់រំកាន់តែល្អប្រសើ។

ថ្លែងនៅក្នុងសន្និសីទសាព័ត៌មាននៅទីស្តីការក្រសួង កាលពីថ្ងៃទី២កក្កដា ឆ្នាំ ២០១៨នេះ ឯកឧត្តម សភាចារ្យ ហង់ជួន​ណារ៉ុន​រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា ករណីបេក្ខជននាំយកសំណៅឯកសារ​ប្រឡង សៀវភៅ​សរសេរ  ទូរស័ព្ទដៃចូលមណ្ឌលប្រឡងឬមានអាកប្បកិរិយាមិនសមរម្យឬបង្កជំលោះនៅក្នុងមណ្ឌលប្រឡង លួចចំលង​ឬយកសំណៅឯកសារពីអ្នកដ៏ទៃយកមកដាក់នៅលើតុរបស់ខ្លួន អើតមើលពេលប្រឡង  ប្រើប្រាស់ទូរស័ព្ទដៃ និង​ឧបករណ៍​អេឡេចត្រូនិចគ្រប់ប្រ ភេទ អង្គុយខុសលេខតុឬរំកិលតុជាប់គ្នាដូរកិច្ចការប្រឡងគ្នានោះនឹងទទួលបានពិន្ទុ​សូន្យ​ឬធ្លាក់​ជាស្វ័យប្រវត្តិ។

បេក្ខជនប្រឡងដើរចុះដើរឡើងដោយមិនមានការអនុញ្ញាតហែកក្រដាសកិច្ចការប្រឡងមិនឲ្យមេប្រយោគ ផ្លាស់ប្តូរកន្លែង​​អង្គុយដោយខ្លួនឯង ឲ្យក្រដាសកិច្ចការរបស់ខ្លួនឲ្យ​អ្នកដ៏ទៃចំលងឬសរសេរចំណាំ ឬបង្ក​ជំលោះជាដើមនោះ នឹងត្រូវ​​ប្រឈម​​នឹងការធ្លាក់ហើយមិនអោយចូលរួមប្រឡង១ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ករណីបេក្ខជនយកអាវុធជាតិផ្ទុះចូលមណ្ឌលប្រឡ ងឬឲ្យអ្នកដ៏ទៃប្រឡងជំនួសខ្លួន​​ត្រូវធ្លាក់​ដោយ​​​ស្វ័យប្រវត្តិនិងហាមមិនឲ្យប្រឡង២ឆ្នាំ។ចំណែកអ្នកប្រឡងជំនួសគេត្រូវ​​ប្រឈមនឹងផ្លូវច្បាប់​​ពីបទក្លែងឯកសារ​​សាធារ​​ណៈ។

ចំពោះបុគ្គលិកអប់រំក៏ទទួលពិន័យដូចបេក្ខជនប្រឡងដែរដូចជាមេប្រយោគ​ពេលឃើញបេក្ខជនលួចចំលងគ្នា​​ហើយមិន​​ចាប់នោះនឹងត្រូវទទួលរងការពិន័យជាផ្ទាល់មាត់និងហាម​មិនឲ្យធ្វើមេប្រយោគរយៈពេល១ឆ្នាំតែក្នុងករណីជួយ​​ធ្វើវិញ្ញាសា​​រឲ្យសិស្ស ទទួលសំណូក ឬរៀបចំជាចំលើយវិញ្ញាប្រឡងអាចប្រ ឈមនឹងការបណ្តេញចេញពីក្រមខណ្ឌគ្រូបង្រៀន​ឬប្រឈមនឹងផ្លូវតុលា ការផងដែរ។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០សីហាឆ្នាំ២០១៨ខាង​មុខ​។

មានបេក្ខជនចូលរួមប្រឡងចំនួន១១៧ ០៦១នាក់កើនឡើងជាងឆ្នាំមុន១៣៩៤៩នាក់និងមាន១៩៥មណ្ឌលចែកជា៤៧១៦បន្ទប់នៅតាមរាជធានីខេត្តទូទាំងប្រទេស ។មានការពង្រាយអ្នកសង្កេតការណ៍ពីអង្គភាពពប្រឆាំងអំពើពុករលួយជាង៦ពាន់នាក់នៅតាមមណ្ឌលប្រឡងនីមួយៗ។ចំពោះលទ្ធផលនៃការប្រឡងវិញក្រសួងនឹងធ្វើការប្រកាសនៅតាមមណ្ឌលប្រឡងនីមួយៗនៅរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញនិងខេត្តកណ្តាល​និងនៅថ្ងៃទី១២កញ្ញាឆ្នាំ២០១៨នៅតាមមណ្ឌលផ្សេងៗទៀត៕

រូបឯកសារសិស្សពេលប្រឡងប្រឡងបាក់ឌុបកន្លងមក