ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មានការចាកចេញពីផ្ទះសម្បែងដ៏ធំបំផុតចាប់តាំងពីមានជម្លោះនៅរដ្ឋតារាអារបស់ប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៣.០៧.១៨)

អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថាប្រជាជនប្រហែល ២៧០.០០០នាក់ត្រូវចាកចេញពីផ្ទះសម្បែង​​ដោយសារប្រតិបត្តិការយោធានៅក្នុងរដ្ឋតារាអាភាគនិរតីនៃប្រទេសស៊ីរីដែលនេះជាការជម្លៀសដ៏ធំបំផុតនៅក្នុងតំបន់ចាប់តាំងពីឆ្នាំ២០១១ មកនៅពេលដែលជម្លោះបានចាប់ផ្តើម។

នៅចុងសប្តាហ៍នេះអង្គការសហប្រជាជាតិបានទទួលសេចក្តីរាយការណ៍ថាការវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោកយ៉ាងខ្លាំងបានបន្តនៅក្នុងតំបន់ជាច្រើននៅក្នុងរដ្ឋដារាអាដែលបណ្តាលឱ្យមានការស្លាប់និងរបួសដល់ជនស៊ីវិលនិងការភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរីបានព្រមានកាលពីពេលថ្មីៗនេះថាការប្រយុទ្ធគ្នាពេញទំហឹងនៅក្នុងតំបន់ភាគនិរតីដែលធ្លាប់តែមានស្ថានការន៍ស្ងប់ស្ងាត់​នៅក្នុងប្រទេសស៊ីរី ​នេះអាចបង្កវិនាសសកម្មលើតំបន់និងប្រជាជន ដែលមានទំហំស្មើនឹងវិនាសកម្មនៅភាគខាងកើតហ្គោតាបូករួមបញ្ចូលគ្នាជាមួយរដ្ឋអាឡេប៉ូ ។