ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ នឹងទទួលបានការបន្តសុពលភាព លិខិតឆ្លងដែន និងប្រឹក្សាច្បាប់ការងារ ដោយឥតគិតថ្លៃ នៅពាក់កណ្តាលខែកក្កដានេះ

អគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ពលរដ្ឋខ្មែរនៅកូរ៉េ នឹងទទួលបាន​សេវា​បន្តសុព​ភាពលិខិតឆ្លងដែន ដោយឥតគិតថ្លៃនិងការប្រឹក្សាផ្នែកច្បាប់ការងារនេះបើតាមការបញ្ជាក់ របស់​​​ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២ ខែកក្កដា នេះ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា  ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិ​យស​សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងសិក្សា ធ្វើការ និងរស់នៅ​សាធារណរដ្ឋកូរ៉េជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលា​របស់​បង​ប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការ បង្ខិតសេវាឱ្យជិតដល់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជ​ទូត​កម្ពុ​ជា​បានសហការជាមួយ អង្គភាពអភិវឌ្ឍន៍ ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ នឹងចុះ​ផ្ដល់​សេវាបន្ដសុពលភាព លិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វ​ផ្សាយកម្មវិធីវិលត្រឡប់វិញ ក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅអង្គភាពអភិវឌ្ឍន៍ ធនធានមនុស្សកូរ៉េ ប្រចាំទីក្រុងថេហ្គូ ដែលមានអាសយដ្ឋាន 대구시 달서구 성서공단로 213 (갈산동971-6) ចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៦:០០ រសៀល”។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញ​ទៅ​ទទួល​សេវា ឥតបង់ថ្លៃនេះឱ្យបានច្រើនកុះករ និងសូមចូលរួម ផ្សព្វផ្សាយព័ត៌មានបន្ដ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោកស្រី ហេង វួចលាង 053-580-2362 និងលោក ជា លីសែ 010-4447-7168 ៕