ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អឺរ៉ុប បង្ហាញផលិតផលរបស់ខ្លួន រយៈពេល៣ថ្ងៃនៅកោះពេជ្រ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖

សហគមន៍អឺរ៉ុប (EuroFair) បានដាក់បង្ហាញពិព័រណ៍ផលិតផលរបស់ខ្លួន រយៈពេល៣ថ្ងៃ ចាប់​​​ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដើម្បី​បង្ហាញផលិតផល និងស្វែងរកដៃគូរពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប។
ថ្លែងក្នុងពិព័រណ៍សហភាពអឺរ៉ុប នាព្រឹកថ្ងៃទី ២៩ ខែមិថុនា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ លោក Arnaud Darcប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាបានលើកឡើងថាៈ នេះ​ជា​កិត្តិ​​​​យសដ៏ធំធេងមួយសម្រាប់ការរៀបចំពិព័រណ៍អឺរ៉ុប (EuroFair)ដំបូងគេបង្អស់មួយ​នៅក្នុង​ប្រទេស​​​កម្ពុជា ។ លោកថា ពិព័រណ៍ពាណិជ្ជកម្មលើកទីមួយដែលដាក់តាំងផលិតផលល្បីៗ និងសេវា​កម្ម​ល្អៗមក ពីអឺរ៉ុបជូនអ្នកប្រើប្រាស់ និងសហគ្រិនខ្មែរឱ្យបានស្គាល់ ពិតជាជួយបង្កើត​ចំណងដ៏ល្អ​រវាង​ អឺរ៉ុបនិងកម្ពុជា ហើយក៏ផ្តល់នូវឱកាសពិសេស ដើម្បីរៀនសូត្រ កសាងទំនាក់ទំនង និង​ពង្រីក​ខ្សែបណ្ដាញ បង្កើតមិត្តភក្តិ ស្គាល់អតិថិជន និងកសាងដៃគូអាជីវកម្មផងដែរ។ ពិព័រណ៍​អឺ​រ៉ុប (EuroFair) នឹងក្លាយជាព្រឹត្តិការណ៍ជួយជំរុញពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុប។ លោកបន្ដថា ការតាំងពិព័រណ៍នេះ គឺមានក្រុមហ៊ុនប្រមាណជា៤០មកពីអឺរ៉ុបបានចូលរួមដាក់តាំង​បង្ហាញ​ផលិ​ត​​​​ផលរបស់ខ្លួនមានដូចជា ៖យានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារ​ពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលជាច្រើនមុខផ្សេងទៀត។
លោកជំទាវ តឹក រ៉េតកម្រង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការ​តាំង​ពិព័រណ៍ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនាពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការ​ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ និងភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប ខណៈ អឺរ៉ុបបាននាំចូលទំនិញពីកម្ពុជាច្រើនជាងគេលើពិភពលោក ។
លោក Aurelio Flacco ប្រធានរបស់សភាពាណិជ្ជកម្មអ៊ីតាលីទើបត្រូវបានបង្កើតថ្មី និងជា​សមា​​​ជិកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានឲ្យដឹងថា នេះគឺជាលើកទីមួយ​ហើយ​សម្រាប់​កម្ពុ​ជា និងជាឱកាសដ៏អស្ចារ្យមួយសម្រាប់សហគមន៍ធុរកិច្ចក្នុងស្រុក ដែលអាចស្វែង​យល់​បន្ថែម​អំ​ពីគុណភាពនៃទំនិញ និង សេវាកម្មដែលក្រុមហ៊ុនអឺរ៉ុបយកមកបង្ហាញជូន។លោកបានបន្តថា នឹងនាំផលិតផលអ៊ីតាលីដ៏ល្អបំផុតដូចជា គ្រឿងសង្ហារឹម និង ផលិតផលប្រណីតៗ សម្រាប់តុប​តែងក្នុងគេហដ្ឋានមានគុណភាពខ្ពស់ ដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា ដើម្បីផ្គត់ផ្គង់​វិស័យ​សំ​​ណង់ដែលកំពុងរីកលូតលាស់។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំទឹក​ប្រាក់ជិត​៦ពាន់​​​លានដុល្លារ ដែលកម្ពុជានាំចូលទៅអឺរ៉ុបបានចំនួនជាង៤ពាន់លានដុល្លារ ខណៈអឺរ៉ុបនាំ​ចូល​មក​កម្ពុជាចំនួនប្រមាណ១ពាន់លានដុល្លារ ៕