ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំផ្សារ និងឃុំមេលំ ក្នុងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ រោច ខែបឋមាសាឍ ឆ្នាំច ​សំរឹទ្ធិស័ក ព. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចចៅហ្វាវាំង គង់ សំអុល តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយសុផល ទេសរដ្ឋមន្រ្ដី ទទលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្រ្ដីអ្នកមុខ អ្នកការ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដាច់ដោយឡែកពីគ្នាគឺនៅឃុំផ្សារ ំនួន ១.២៧២គ្រួសារ និងមួយកន្លែងទៀតនៅឃុំមេលំ ចំនួន ៩០០គ្រួសារ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ក្នុងពិធីជួបសំណេះសំណាលនេះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវព្រះរាជបន្ទូលផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងពីសំណាក់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ជូនដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឃុំផ្សារ និងឃុំមេលំ ក្នុងស្រុកបរិបូណ៌ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងផងដែរ 

សម្ដេចចៅហ្វាវាំង តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ឆ្នាំងមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ   មន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ទន្ទឹមនឹងនេះសម្ដេចតេជោ បាន និងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ ដែលកត្តាទាំងនេះបានបង្កភាពងាយស្រួលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរឡើង ស្របតាមកម្មវិធីគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល 

សម្ដេចចៅហ្វាវាំងបានលើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿទៅលើការឃោសនា បោកប្រាស់ របស់ជនអគតិ ឬក្រុមជ្រុលនិយមមួយចំនួន មិនឱ្យបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតនោះ ។  ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រើប្រាស់សិទ្ធិ សេរីភាព និងកាតព្វកិច្ចរបស់ខ្លួននៃរបបប្រជាធិបតេយ្យសេរី ពហុបក្ស ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ត្រូវទៅចូលរួមបោះឆ្នោត ដើម្បីរក្សា ការពារសុខសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិបន្តទៅទៀត សូមបងប្អូនត្រូវយល់ថាសន្លឹកឆ្នោតមួយសន្លឹកវាមានតម្លៃណាស់ ពីព្រោះថា សន្លឹកឆ្នោតយើងគឺជាអនាគតយើង-កូនចៅយើង និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់យើង។ សម្ដេចចៅហ្វាវាំង ក៏បានធ្វើការក្រើនរម្លឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុចរបស់រាជរដ្ឋាភិបាល ចូលរួមពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូល    ដ្ឋាន ទប់ស្កាត់ឱ្យនូវរាល់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក៏ដូចជាអំពើហិង្សានានា 

សម្ដេចចៅហ្វាវាំង តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ឆ្នាំង បានមានប្រសាសន៍ផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋនៅផ្សារ និងឃុំមេលំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់ចំពោះការងារបង្កបង្កើផលស្រូវរដូវវស្សានេះឱ្យបានទាន់ពេលវេលា និងទទួលបានផលិតផលល្អប្រសើរ ព្រមទាំងថែរក្សាសុខភាពឱ្យបានល្អ ហើយត្រូវត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា យោគយល់គ្នា អធ្យាស្រ័យគ្នា នៅពេលធ្វើដំណើរ ។ ជាមួយគ្នានេះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យត្រៀមឯកសារពាក់ព័ន្ធសម្រាប់ការបោះឆ្នោត ដូចជា ប័ណ្ណព័ត៌មាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារពាក់ព័ន្ធផ្សេងៗ និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោតរួចហើយ មេត្តាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឱ្យបានគ្រប់គ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ 

សម្ដេចចៅហ្វាវាំង បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងអស់ ដែលក្នុងពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ បានរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងសូមបន្តថែរក្សានូវអ្វីៗដែលជាសមិទ្ធផលយើងមានសព្វថ្ងៃនេះ គឺជាមោទនភាពរបស់រាជរដ្ឋាភិបាល និងប្រទេសជាតិយើង ។ នៅក្នុងឱកាសនោះដែរសម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បាននាំយកវត្ថុកំដរដៃចែកជូនដល់ប្រជាពលរដ្ឋក្នុងឃុំផ្សារ និងឃុំមេលំ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះទាំង ២.១៧២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន សារុង០១ និងថវិកា១ម៉ឺនរៀល 

ដោយ សោម ឫទ្ធី