ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី មុននឹងឈានទៅដល់ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ដែលគ្រោងស្ថិតក្រោមអធិបតីភាធសម្ដេចនាយករដ្ឋមន្ត្រីនៅថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា អត្ថបទ ចន ណារិទ្ធ៖
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉ត មាសភក្តី បានឲ្យដឹងថា បើមិនមានការប្រែប្រួលនោះទេ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨នេះ ។លោក បន្តថា មុននឹងធ្វើពិធីបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២៩ខែមិថុនានោះ នៅល្ងាចថ្ងៃទី២៨ខែមិថុនា អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងធ្វើពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីទៅតាមប្រពៃណី ។
លោក ម៉ត មាសភក្តី បានបញ្ជាក់ថា សំណង់ការរដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនោះ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តដោយ ក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា(O C I C )មានរយៈពេល ៣០ខែ នឹងត្រូវបញ្ចប់ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់សំណង់ការរដ្ឋាននេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញ សេចក្ដី ជូន ដំណឹងឲ្យប្រជាពលរដ្ឋពង្វាងចរាចរណ៍ចេញ-ចូល រាជធានីភ្នំពេញ ត្រង់ចំណុច រង្វង់ មូល ចោម ចៅ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ដែលនឹងធ្វើឡើង នៅថ្ងៃ ទី២៩ខែមិថុនាឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រី នៃកម្ពុជា ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបដល់ម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្ដដឹកអ្នកដំណើរដែលត្រូវចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញឆ្លងកាត់ទីតាំងរង្វង់មូលចោមចៅ ត្រូវពង្វាងចរាចរណ៍ រួមមាន៖ ចំពោះរថយន្ដចរាចរណ៍មកពីទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវ បត់ឆ្វេងទៅទិសខាងជើង។ចំពោះរថយន្ដចរាចរណ៍ មកពីផ្លូវជាតិលេខ៣ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំតាមផ្លូវ៣០ម៉ែត្រ ឆ្ពោះទៅផ្លូវចោមចៅ។ចំពោះរថយន្ដធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានី ទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្ដុប ។ចំពោះចរាចរណ៍ពីផ្លូវចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៤ អនុញ្ញាឲ្យចរាចរធម្មតា ៕