ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការអភិវឌ្ឍអគ្គីសនីនៅកម្ពុជា ដើម្បី​បើក​​​ផ្លូវអោយរាជរដ្ឋាភិបាលអនុញ្ញាអោយក្រុមហ៊ុនចំនួន២ វិនិយោគលើវិស័យ​អគ្គីសនី​

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ ជួន បូណា

រាជធានីភ្នំពេញ៖ ក្នុងសម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៤ កាលពីព្រឹកថ្ងៃទី២៧ ខែមិ​ថុ​នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា អង្គ ប្រជុំ បានពិនិត្យ និង​ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន២ដោយឥតកែប្រែដោយចំនួន ៥៥​សំឡេង នៃ​ចំនួន​សមាជិកព្រឹទ្ធសភាទាំងមូល។ ឯកឧត្ដម បានបន្ដថា សេចក្តីព្រាងច្បាប់នេះ នឹង​បំពេញ​បន្ថែមនូវ​គោលដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រភពផ្គត់ផ្គង់អគ្គិសនី សម្រាប់​ឆ្លើយតបទៅនឹង​កំ​ណើន​​នៃសេដ្ឋកិច្ចជាតិ តាមរយៈការជំរុញលើគ្រប់មធ្យោបាយ ដើម្បីបំពេញ​នូវ​តម្រូវការថាមពល​អគ្គិសនីនៅកម្ពុជា ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល  បានអញ្ជើញការពារសេចក្តីព្រាងច្បាប់​នេះ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំងពីរនេះ គឺជាការរួមចំ​ណែកឆ្លើយតប​ទៅនឹង​មូលដ្ឋាន​នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការ​អភិវឌ្ឍ​វិស័យ​ថាម​ពលអគ្គិសនី ដោយផ្តោតលើគោលដៅសំខាន់ៗ​រួមមាន៖ ទី១បំពេញនូវ​តម្រូវការ​ថា​ម​ពល​អគ្គិសនី​នៅរដូវប្រាំង និងជំរុញការអភិវឌ្ឍមូល​ដ្ឋានគ្រឹះនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដើម្បី​ផ្តត់​ផ្គង់​ឱ្យបាន​គ្រប់​គ្រាន់ និងថ្លៃសមរម្យ ដល់សេចក្តីត្រូវការប្រើប្រាស់គ្រប់ប្រភេទ ២-ជំរុញ​ការអភិ​វឌ្ឍ​អគ្គិសនីភាវូប​នីយកម្មជនបទ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនជីវរស់​នៅរបស់​ប្រជាជន​នៅតំបន់​ជន​បទ​ ៣-ការចូលរួមវិនិយោគដោយឯកជនក្នុងការអភិវឌ្ឍវិស័យថាមពល និងកាត់បន្ថយការ​ប៉ះពាល់​បរិស្ថានធម្មជាតិ និងសង្គម។
ឯកឧត្តម បានបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីអានុភាព ៦០មេហ្កាវ៉ាត់ ដើរ​ដោយពន្លឺព្រះអាទិត្យ ដោយក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី ស្ថិតនៅតំបន់ត្មាតពង ឃុំដំណាក់រាំង ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ គឺជាប្រភេទមួយនៃប្រភពថាមពលកកើតឡើងវិញ ដែលនឹងរួមចំ​ណែក​ឆ្លើយតបតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា ក៏ដូចជា រួមចំណែកបំពេញ​បន្ថែមឱ្យប្រភព​ថាម​ពល​ផ្សេងទៀត និងកាត់បន្ថយការនាំចូលប្រភពអគ្គិសនីពីប្រទេសជិតខាងផងដែរ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី  ការអនុម័តយល់ព្រមលើការធានា​ទូទាត់​របស់​រាជរដ្ឋា​ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី និងសេចក្តីព្រាងច្បាប់ស្តីពី  ការ​អនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុម​​​ហ៊ុន ខេមបូឌា  អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប ដែលច្បាប់នីមួយៗ តាក់​តែង​ឡើងមាន ០៣មាត្រា និងត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រម កាលពីថ្ងៃទី១៩ ខែ​ មិថុនា ឆ្នាំ​២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥៕