ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ

ព្រះវិហារ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយនាយឧត្តមសេនីយ៍ មាស សុភា ឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម អ៊ុន ចាន់ដាបានចុះជួយពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តព្រះវិហារដោយឥតគិតថ្លៃ កាលពីថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅការិយាល័យអ្នកតំណាង រាស្ត្រមណ្ឌលខេត្តព្រះវិហារ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា សម្រាប់ខេត្តព្រះវិហារ ដែលជាខេត្តមួយនៅចុងកាត់មាត់ញក មានព្រំដែនខាងលិចជាប់ប្រទេសថៃ និងខាងជើងជាប់ប្រទេសឡាវ បងប្អូនប្រពលរដ្ឋយើងបានទទួលសេវាពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យសម្តេចតេជោ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អ្នកតំណាងរាស្ត្រ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទីរសុខាភិបាលខេត្ត និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីក្រៅប្រទេស ។ ទាំងនេះក៏ដោយសារមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឱ្យក្រុមការងារចាប់តាំងពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តឱ្យបានច្រើន ដើម្បីធ្វើការចុះជួយពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឱ្យដល់ថ្នាក់មូលដ្ឋានដោយឥតគិតថ្លៃ។ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានចុះមកពិនិត្យ និង ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្រុងព្រះវិហារ ហើយនឹងបន្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមស្រុកទាំងអស់របស់ខេត្តព្រះវិហារជាបន្តទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ហើយត្រូវពិនិត្យឱ្យបានគ្រប់ៗគ្នា ព្រមទាំងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ៕

ដោយ ទិត ស្រ៊(AKP)