ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីពាណិជ្ជកម្មសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យមន្ត្រីទាំងអស់ ធ្វើការពង្រឹងសមត្ថភាពជំនាញ និងភាសាបរទេស ព្រមទាំងកែប្រែទម្លាប់ធ្វើការប្រចាំថ្ងៃ ដើម្បីទទួលបានការតែងតាំងមុខតំណែងសំខាន់ៗនៅក្នុងអង្គភាព ។ ឯកឧត្តមមានប្រសាសន៍ថា ការតែងតាំងមុខតំណែងសម្រាប់មន្ត្រីក្នុងក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម ត្រូវផ្អែកលើបទពិសោធន៍ការងារ និងចំណេះដឹងផ្នែកភាសាចំនួនបី គឺ ភាសាជំនាញ ភាសាកុំព្យូទ័រ និងភាសាបរទេស។

ឯកឧត្តមបានគូសបញ្ជាក់ថា មន្ត្រីដែលទទួលបានការតែងតាំង ចាំបាច់ត្រូវតែមានគុណធម៌ក្នុងការបំពេញការងារប្រចាំថ្ងៃ ទើបអាចដឹកនាំអង្គភាពឆ្ពោះទៅសម្រេចរាល់កិច្ចការសំខាន់ៗដែលថ្នាក់ដឹកនាំក្រសួង និងខេត្តបានប្រគល់ជូន ដោយត្រូវប្រកាន់ខ្ជាប់នូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ និងគោរពឋានានុក្រមការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកិត្តិនាមអង្គភាពរបស់ខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្រសួងពាណិជ្ជកម្មចង់បានមន្ត្រីដែលចេះគោរពថ្នាក់ដឹកនាំ និងចេះសម្របសម្រួលដោះស្រាយរាល់បញ្ហានៅក្នុងអង្គភាព ដើម្បីនាំមកនូវវឌ្ឍនភាពការងារជូនក្រសួង និងរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល ។ ឯកឧត្តមផ្តាំផ្ញើដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បន្តពង្រឹងកិច្ចសហការចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ និងដកហូតរាល់ទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីដុតកំទេចចោលឱ្យបានញឹកញាប់ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ត្រូវសហការតាមដានតម្លៃប្រេងឥន្ធនៈថ្មី នៅតាមស្ថានីយចាក់ប្រេងនានា ដើម្បីការពារអត្ថប្រយោជន៍អ្នកប្រើប្រាស់ និងពង្រឹងការអនុវត្តសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ទេស ច័ន្ទសុធារី(AKP)