ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសអូស្ត្រាលីមានគម្រោងជួយខេត្តព្រះសីហនុ ផ្នែកសុខាភិបាល ទប់ស្កាត់អំពើហិង្សាលើកុមារ និងហ្វឹកហ្វឺនមន្ត្រីនគរបាលអន្តោប្រវេសន៍

លោកជំទាវ ANGELA CORCORAN ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងជួយដល់ខេត្តព្រះសីហនុ លើផ្នែកសុខាភិបាល (សុខភាពភ្នែក) ,ទប់ស្កាត់អំពើហិង្សាលើកុមារ ជួយហ្វឹកហ្វឺនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ និងការជួយ កសាងសមត្ថភាពដល់កម្ពុជា ដើម្បីសន្តិសុខលម្ហសមុទ្រ និងទប់ស្កាត់ការធ្វើពាណិជ្ជកម្មមិនស្របច្បាប់ ។

លោកជំទាវ ANGELA CORCORAN បានបញ្ជាក់ថា ប្រទេសអូស្ត្រាលី មានគម្រោងជួយប្រជាពលរដ្ឋខ្មែរនៅខេត្តព្រះសីហនុ ផ្នែកសេវាសុខភាពភ្នែក ការទប់ស្កាត់អំពើហិង្សាលើកុមារ ហើយគម្រោងនេះ អូស្ត្រាលីជួយតាមរយៈអង្គការ យូនីសេហ្វ នឹងអនុវត្តន៍លើឃុំគោលដៅចំនួន ១៤ នៅខេត្តព្រះសីហនុ ក្រៅពីនេះក៏មានគម្រោងជួយហ្វឹកហ្វឺនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្ត តាមរយៈក្រសួងមហាផ្ទៃកម្ពុជាផងដែរ ។
លោកជំទាវ បានបន្តថា ក្រសួងមហាផ្ទៃអូស្ត្រាលី ក៏មានគម្រោងជួយកម្ពុជាក្នុងការជួយកសាងសមត្ថភាពដល់កម្ពុជា ដើម្បីសន្តិសុខលម្ហសមុទ្រ និងទប់ស្កាត់ការធ្វើពាណិជ្ជកម្មមិនស្របច្បាប់ ដូចជាការការពារអំពើឧក្រិដ្ឋកម្មក្នុងតំបន់ផងដែរ ។
លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថា នឹងទទួលបានកំណើននៃការ វិនិយោគ និងភ្ញៀវទេសចរកាន់តែច្រើនថែមទៀត ។

ឯកឧត្តម យន្ត មីន បានស្វាគមន៍ចំពោះស្ថានទូតអូស្រ្តាលី ពិសេសប្រទេសអូស្ត្រាលី បានជួយកម្ពុជារហូតមក និងចាត់ទុកថា ប្រទេសអូស្រ្តាលី គឺជាមិត្តដ៏ល្អរបស់កម្ពុជា ។ ស្របពេលដែលកម្ពុជាមានសុខសន្តិភាព ពិសេសខេត្តព្រះសីហនុ ក្នុងរយ:ពេលពីរឆ្នាំចុងក្រោយនេះ មានអ្នកវិនិយោគមកពីតំបន់ផ្សេងៗបានចាប់អារម្មណ៍មកធ្វើការវិនិយោគ ធ្វើឱ្យខេត្តព្រះសីហនុ មានការប្រែប្រួល មានការអភិវឌ្ឍយ៉ាងលឿន គឺមានក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនច្រើនជាងគេ ក្នុងនោះក៏មានក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលីចំនួន ០៣ មកវិនិយោគជាង ៥៥លានដុល្លារអាម៉េរិក ដែលកំពុងធ្វើសកម្មភាពរាល់ថ្ងៃនេះ ។

ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនលោកជំទាវថា រដ្ឋបាលខេត្តព្រះសីហនុ ស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគទាំងអស់ដោយមិនប្រកាន់ជាតិសាសន៍អ្វីឡើយ សំខាន់ឱ្យតែមកវិនិយោគ ហើយគោរពតាមច្បាប់របស់កម្ពុជា ៕

ដោយ ងូ សុមុនី(AKP)