ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា តាមការិយាល័យបោះឆ្នោតអាចមានភាពចង្អៀតណែន ដោយសារភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោក វ៉ាង ភក្តី
រាជធានីភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ថា គ.ជ.ប កំពុងរកដំណោះស្រាយពីភាពចង្អៀតណែនក្នុងការិយាល័យបោះឆ្នោតខណៈចំនួន​គណ​​បក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតមានការកើនឡើង។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និង​បញ្ជី បោះឆ្នោតនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងការចុះឈ្មោះភ្នាក់ងារគ​ណ​បក្សនយោបាយ នាទីស្តីការគ.ជ.ប ថ្ងៃទី២៧ ខែមិថុនានេះ ។​ឯកឧត្តមបញ្ជាក់ថា ការិយាល័យ​បោះ​ឆ្នោតមួយមិនអាចផ្ទុកភ្នាក់ងារគណបក្សនយោបាយដែលមានឈ្មោះក្នុងបញ្ជី បូករួម​ទាំង​អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានទាំងអស់នោះទេ ដោយសារតែវាមានភាពតូចចង្អៀត ដែលអាចបង្កផលលំបាកដល់ការបំពេញការងាររបស់មន្ត្រីការិយាល័យបោះឆ្នោត និងភាព​សម្ងាត់​​​របស់អ្នកបោះឆ្នោត។ ឯកឧត្តមបន្តថា គ.ជ.ប នឹងរៀបចំឱ្យមានការប្តូរវេន ឬក៏ឆ្លាស់​គ្នា​រវាង​ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ដែលបានស្នើសុំចូល​រួមឃ្លាំ​មើល​ដំ​ណើរការបោះឆ្នោតតាមការិយាល័យបោះឆ្នោត ក្នុងឃុំ-សង្កាត់នីមួយៗ ដើម្បីបញ្ចៀសបាតុភាព​ដែលអាចកើតមានឡើងដោយភាពចង្អៀតណែនការិយាល័យបោះឆ្នោត។

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិត្យ និងមិនលំអៀង​សម្រាប់ការ​បោះ​​ឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ និចហ៊្វិក មានប្រសាសន៍ថា ការប្រ​សើរ​បំផុត គឺ​ប្រធាន ការិយាល័យបោះឆ្នោតនីមួយៗ ត្រូវចេះប្តូរវេន និងចែកពេលវេលាស្មើៗគ្នា ដើ​ម្បី​ឱ្យ​ភ្នាក់​ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ បានចូលមើល​ក្នុងការិយាល័យ​បោះ​ឆ្នោត​ទាំងអស់​គ្នា ដើម្បីបង្ហាញពីភាពត្រឹមត្រូវ យុត្តិធម៌ និងភាពសម្ងាត់នៃការបោះឆ្នោត។

យោងតាមការឱ្យដឹងពីគ.ជ.ប បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ខែមិថុនា គ.ជ.ប បានទទួល​ស្គាល់​ឱ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៃសមាគម អង្គការមិន​មែនរដ្ឋាភិបាល​ប្រមាណ​ជាង​៥ម៉ឺន​នាក់មកពី៨២ស្ថាប័ន ក្នុងនោះអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ា ចិន និងសិង្ហបូរី​ចំនួន១៧នាក់ ខណៈ គ.ជ.ប កំពុងពិនិត្យលើការស្នើសុំ​របស់គណៈប្រតិភូម​កពី​សហ​គមន៍អឺរុប និងអង្គការក្នុងតំបន់១៤នាក់បន្ថែមទៀត សម្រាប់ចូលរួមសង្កេត​ការណ៍បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ អាណត្តិទី៦ ដែលមានគណបក្សនយោបាយចូលរូមចំនួន២០ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ខាងមុខនេះ។ គ.ជ.ប នឹងចាប់ផ្តើមទទួលការ​ចុះឈ្មោះភ្នាក់ងារគណ​បក្សនយោ​បាយ​​មានឈ្មោះ​ក្នុងបញ្ជីបោះឆ្នោត សម្រាប់ចូលរួមសង្កេតការណ៍បោះ​ឆ្នោតជ្រើស​តាំងតំ​ណាង​រាស្ត្រ អាណត្តិទី៦ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា។ គ.ជ.ប បានបញ្ជាក់ថា សមា​ជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការមេភូមិ និងកម្លាំង​ប្រ​ដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើល​ដំណើរការ​នៃ​ការ​បោះឆ្នោត និងរាប់សន្លឹកឆ្នោតនោះឡើយ៕