ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីសាធារណការគ្រោងជួបក្រុមអ្នករត់ម៉ូតូរ៉ឺម៉កខ្មែរនៅថ្ងៃស្អែក

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងជួបក្រុម​អ្នករត់ម៉ូតូ​រ៉ឺម៉ក​ខ្មែរ​នៅរសៀលថ្ងៃស្អែកនេះ ខណៈមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ​របស់ពួកអ្នកទាំងនោះ​កំពុងប្រឈម ហា​និភ័យ​ពីការប្រកួតប្រជែងម៉ូតូកង់បីដែលនាំចូលពីបរទេសដែលភ្ជាប់ឧបករណ៍​បង្ហាញផ្លូវ សម្រាប់ ​អ្នក​ដំណើរនៅលើទូរស័ព្ទឆ្លាតវៃ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារនេះ បានឱ្យ ដឹង​​ថា ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងអញ្ចើញជាអធិបតីនៅក្នុង «កម្មវិធីរួមគ្នាដើម្បី​លើក​កម្ពស់​ជីវភាពបងប្អូនប្រកបរបរដឹកជញ្ជូនក្រៅប្រព័ន្ធជាពិសេសបងប្អូនដែលប្រកបមុខរបរ​ដឹក​ជញ្ជូន​ដោយ​​ប្រើម៉ូតូកង់បី ឬរ៉ឺម៉ក់ខ្មែរ» ដោយមានការអញ្ជើញចូលរួមពី ប្រធាន​សហភាព​សហ​ព័ន្ធយុវជនកម្ពុជា ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុន Grab អង្គការកម្មវិធី​អភិ​វឌ្ឍន៍​​សហប្រជាជាតិ(UNDP) និងអ្នកបើកបរម៉ូតូរ៉ឺម៉ក់​កង់បីខ្មែរ​ជាង៥.០០០​នាក់​​ផងដែរ។

ប្រភពបានបញ្ជាក់ថា ជំនួបលើកដំបូងដែលធ្វើនៅទីតាំងមួយកន្លែងស្ថិតនៅភូមិព្រែកលាប សង្កាត់​​ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ គឺក្នុងគោលបំណងចូល​រួមចំណែក​ជួយ​លើកកម្ពស់ជីវភាពអ្នក​ប្រកបរបររត់រ៉ឺម៉ក់កង់បីខ្មែរ​ជាង២០.០០០នាក់នៅក្នុង​ទីក្រុងភ្​នំពេញ​ជាពិ​សេ​ស​​​សមាជិក សមាជិកា នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដោយនឹងបំពាក់នូវ Application Technology របស់ក្រុមហ៊ុនGRAB ដែលជាមធ្យោបាយដឹកជញ្ជូនមួយ​ប្រើបច្ចេក​វិទ្យា និងការបញ្ចុះ​តម្លៃ៥ភាគរយ ក្នុងរយៈពេល៦ខែដំបូង។ជាងនេះទៅទៀត ប្រជាពល​រដ្ឋប្រក​បរ​បររត់រ៉ឺម៉ក់​កង់បី​ខ្មែរ នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នឹងទទួលបានការបញ្ចុះ​តម្លៃ​សាំង​ធម្មតា  និងសាំងស៊ុប​ពែ ទាបជាងតម្លៃទីផ្សារ ៣០០ រៀល ក្នុង១លីត្រ ពីក្រុមហ៊ុនសូគីមិច  ដែល​ចាប់អនុវត្តពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨តទៅ។

អ្នករត់រ៉ឺម៉កកង់បីខ្មែរ កំពុងប្រឈមស្ថានភាពដាច់ភ្ញៀវបណ្ដើរៗ ដោយសារការ​វាយ​លុក​របស់​​ម៉ូតូកង់បីបរទេសមកកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាដើម្បីទាញរកអតិថិជន និងគួបផ្សំ​ឥរិ​យាបថ រួម​​​​ ទាំងសកម្មភាពធ្វើចរាចរណ៍នៅលើដងផ្លូវ៕ ដោយ វ៉ាង ភក្តី (អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា)