ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍ រៀបចំបើកវគ្គបណ្តុះបណ្តាល មគ្គុទេ្ទសក៍ទេសចរសហគមន៍សំបូរព្រៃគុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍​​ នៃក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានរៀបចំបើកវគ្គបណ្តុះបណ្តាល មគ្គុទេ្ទសក៍ទេសចរ សហគមន៍ សំបូរព្រៃគុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងមានការអញ្ជើញ ចូលរួមពីគ្រូឧទ្ទេស និងសិក្ខាកាមជាយុវជន សិស្សានុសិស្ស និងប្រជាសហគមន៍ សំបូរព្រៃគុក ចំនួនសរុប៣៣នាក់។

វគ្គបណ្តុះបណ្តាលនេះ ជាការចូលរួមចំណែកមួយ ដល់ការអភិវឌ្ឍ សហគមន៍ទេសចរណ៍ ពិសេសជាការឆ្លើយតប ទៅនឹងលំហូរកាន់តែច្រើន ជាលំដាប់ និងតម្រូវការជាក់ស្តែង នៃភ្ញៀវទេសចរ នៅតំបន់សហគមន៍ សំបូរព្រៃគុក ខេត្តកំពង់ធំ ដែលត្រូវបានបញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧។ ម្យ៉ាងទៀត នេះក៏ជាចំណែកមួយ នៃការគិតគូរ ដល់ការបែងចែក ផលប្រយោជន៍ ពីវិស័យទេសចរណ៍ ទៅដល់ប្រជាជន នៅតាមមូលដ្ឋាន និងសហគមន៍ តាមរយៈការប្រើប្រាស់ធនធាន សក្តានុពលវប្បធម៍ និងធម្មជាតិ ដែលមាននៅក្នុងតំបន់នេះ។

ក្នុងរយៈពេល ៥ថ្ងៃ នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងសិក្សា លើមុខជំនាញមួយ ចំនួនដូចជា បដិសណ្ឋារកិច្ច ផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាននៃវិស័យទេសចរណ៍ និងបរិស្ថាន វិធីសាស្ត្រ នៃការធ្វើអត្ថាធិប្បាយ ច្បាប់ ស្តីពីទេសចរណ៍ ក្រមសីលធម៌មគ្គុទ្ទេសក៍ទេសចរ និង អេកូទេសចរណ៍។

សិក្ខាកាមទាំងអស់ បានសម្តែងនូវសេចក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណ ដល់ក្រសួងទេសចរណ៍ ជាពិសេស ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ដែលបានគិតគូរ និងអនុញ្ញាតឱ្យមានការរៀបចំ វគ្គបណ្តុះបណ្តាល នេះឡើង។
ដោយ៖ TVK