ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ម្ចាស់គម្រោងRoyal One អះអាងថា ច្បាប់សហកម្មសិទ្ធ បានផ្តល់ឱ្យមានការរវិនិយោគលើ គម្រោងខុនដូរជា បន្តបន្ទាប់នៅកម្ពុជា

ភ្នំពេញ៖​ ម្ចាស់គម្រោង Royal One បានអះអាងថា ច្បាប់សហកម្មសិទ្ធ ដែលអនុញ្ញាតិឱ្យជនបរទេស អាចមានសិទ្ធទិញអចលនទ្រព្យបាននៅកម្ពុជា បានធ្វើឱ្យអ្នកវិនិយោគបរទេស កាន់តែបង្កើន ការវិនិយោគលើគម្រោងខុនដូរជាបន្តបន្ទាប់នៅកម្ពុជា។

អ្នកឧកញ៉ា គិត ធៀង ម្ចាស់គម្រោងអគារពាណិជ្ជកម្ម និងខុនដូកម្ពស់៦២ Royal One នៅលើមហាវិថីសហព័ន្ធរុស្ស៊ី បានមានប្រសាសន៍ថា ការបង្កើតឱ្យមានច្បាប់សហកម្មសិទ្ធនេះ បាន សម្រួលដល់ភាពជាម្ចាស់កម្មសិទ្ធិដល់ជនបរទេស លើការទិញលក់ អចលនទ្រព្យក្នុង ប្រទេសកម្ពុជា បានយ៉ាងងាយស្រួល ដែលអំណោយផលច្រើនដល់ការវិនិយោគដោយផ្ទាល់ ពីបរទេស។ អ្នកឧកញ៉ាបន្តថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅកម្ពុជា កំពុងមានការរីកចម្រើន ដោយក្នុងនោះ ការវិនិយោគលើខុនដូ និងមជ្ឍមណ្ឌលពាណិជ្ជកម្មភាគច្រើន គឺជាការវិនិ យោគដោយផ្ទាល់ពីវិនិយោគិនបរទេស ដូចជា ចិន តៃវ៉ាន់ ជប៉ុន និងកូរ៉េជាដើម។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍ថា ការវិនិយោគ ដោយផ្ទាល់ ពីបរទេស គឺពិតជាបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈ ការ បង្កើតការងារដល់ពលរដ្ឋក្នុងស្រុក លើកមុខមាត់សេដ្ឋកិច្ចកម្ពុជាតាមរយៈវត្តមាន អគារខុនដូរ ខ្ពស់ៗ និងអាចទាញពន្ធចូលរដ្ឋផងដែរ។

លោកជំទាវបញ្ជាក់ថា វត្តមានរបស់អគារពាណិជ្ជ កម្ម និងខុនដូកម្ពស់៦២នេះ ពិតជាបានចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងការ អភិវឌ្ឍរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗផ្នែក ខាងវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា នឹងកាន់ធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជា មានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ តាមរយៈការ សហការវិនិយោគ រវាងក្រុមហ៊ុនល្បីឈ្មោះក្នុងស្រុក Royal Group និងក្រុមហ៊ុនវិនិយោគ របស់តៃវ៉ាន់។

គួរបញ្ជាក់ថា វិស័យឧស្សហកម្មសំណង់ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយវិស័យ នេះ ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាក់ស្តែងក្នុងឆ្នាំ ២០១៧​ កន្លងទៅថ្មីៗនេះ ទុនវិនិយោគលើវិស័យសំណង់មានចំនួន៦.៤០០ លានដុល្លារ អាម៉េរិក កើនឡើងប្រមាណ២២​​ភាគរយ ដោយក្នុងនោះគម្រោងវិនិយោគមានចំនួនសរុប ៣.០៥២ គម្រោង និងបានផ្តល់ឱកាសការងារប្រចាំថ្ងៃដល់យុវជនកម្ពុជាប្រមាណ ២០ម៉ឺននាក់ ផងដែរ៕
ដោយ ម៉ៅ ចរិយា(AKP)