ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ហ៊ុន ម៉ាណែត អំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ អញ្ជើញទៅបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៦ ឱ្យបានគ្រប់ៗគ្នា

កំពង់ឆ្នាំង៖​ ក្នុងពិធីជួបសំណេះសំណាលជាមួយ​លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំមកពីសាលានានាជុំវិញខេត្តកំពង់ឆ្នាំង ចំនួន ១.៣៩៣នាក់ កាលពីរសៀលថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨​ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់លោកគ្រូ អ្នកគ្រូ​ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល៦ នៅថ្ងៃទី២៩ ខែ ​កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា​ ការដែលលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត គឺដើម្បីបង្ហាញសិទ្ធិជាប្រជាពលរដ្ឋចូលរួមរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ ជាបន្តទៅទៀត។ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសយើងជាប្រទេសដែល​ប្រកាន់នូវលទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះដើម្បីធានានូវនិរន្តរភាពនេះគឺយើងត្រូវជ្រើសរើសតំណាងរាស្ត្រ និង ថ្នាក់ដឹកនាំឱ្យបានច្បាស់លាស់ ហើយវិធីដែលល្អបំផុតនោះគឺតាមរយៈការបោះឆ្នោតដែលព្រះរាជាណាចក្រកម្ពុជាយើងបានអនុវត្តន៍ជាច្រើនលើកមកហើយនោះទៅតាមច្បាប់បានកំណត់។

ឯកឧត្ដមបានបន្ដថា អ្វីដែល​យើង​មាន​សព្វថ្ងៃនេះ ​គឺជា​មោទនភាព ​ប៉ុន្តែអ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​បន្ត​និរន្តរភាព​ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ​ហ៊ុន សែន គឺមាន​ធនធាន​មនុស្ស​ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព ​និង​មាន​គោលនយោបាយ​ច្បាស់លាស់។ ដូច្នេះ​សូម​លោកគ្រូ អ្នកគ្រូ បន្ត​ជឿ​ទុកចិត្ត​ចំពោះ​ការដឹកនាំ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​ដែល​មាន​សម្តេច ហ៊ុន សែន ​ជាប្រមុខ​។ ​

ឯកឧត្តមបានលើកឡើងថា ​វិស័យ​អប់រំ​នេះហើយ​បានធ្វើឱ្យ​ប្រទេស​មានការ​រីកចម្រើន​មកដល់​សព្វថ្ងៃនេះ ដែលជា​មូលដ្ឋាន​រឹងមាំ​ ហើយ​រាជរដ្ឋាភិបាលបាន​យកចិត្ត​ទុកដាក់​ ទៅលើ​ការងារ​នេះ​ជា​អាទិភាព​​ថែមទៀតផង​។ ជាក់​ស្តែង​ការចំណាយ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​ខ្ពស់​លើ​វិស័យ​អប់រំ​បើ​ប្រៀបធៀប​នឹង​វិស័យ​ផ្សេងៗ​ ​​ដោយ​​ផ្តោត​សំខាន់​​លើ​ជីវភាព​របស់​លោក​គ្រូ ​អ្នកគ្រូ ​តាមរយៈ​ការ​ដំឡើង​​ប្រាក់បៀវត្ស​ ការ​បណ្តុះបណ្តាល​សមត្ថ​ភាព និង​បង្កើន​លទ្ធភាព​លោកគ្រូ អ្នកគ្រូ ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ដល់​សិស្សានុសិស្ស ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ​។ នេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​និង​ជា​មោទនភាព​របស់​វិស័យ​អប់រំ​របស់​យើង​។

ឯកឧត្ដមបានលើកឡើងថា ការបង្កចលាចល ការផ្លាស់ប្តូរអំណាចតាមរយៈការធ្វើបដិវត្តន៍ពណ៌ និងការធ្វើបាតុកម្មទាមទារទម្លាក់រាជរដ្ឋាភិបាលពីមុខតំណែងពីសំណាក់មេដឹកនាំគណបក្សប្រឆាំង គឺមិនមែនជាមធ្យោបាយល្អប្រសើរ ក្នុងការអនុវត្តសិទ្ធិរបស់ពលរដ្ឋទេ ហើយចលនាទាំងអស់នេះ គឺរបៀបចង់បានអំណាច ដោយមិនគោរពគោលការណ៍ប្រជាធិបតេយ្យ ដែលវានាំទៅដល់ការបាត់បង់សុខសន្តិភាព កើតចលាចលនៅក្នុងសង្គម។

ឯកឧត្តមបានណែនាំដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ត្រូវប្រើប្រាស់សិទ្ធិ លើកតម្កើងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែទន្ទឹមនេះការពារសុខសន្តិភាព ធានាបាននូវលក្ខខណ្ឌល្អប្រសើរក្នុងការអភិវឌ្ឍ និងការរីកចម្រើនតទៅទៀត ដើម្បីកូនចៅយើងទាំងអស់គ្នាទទួលបានភាពសុខដុមរមនា រស់នៅក្នុងការជួបជុំគ្នា ដោយសុខសប្បាយ។ ប្រទេសយើងរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះ​បានមកពីធនធានមនុស្សដែលបានបណ្តុះបណ្តា គឺជាមោទនភាពដែលបានមកពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ក្នុងការកសាងធនធានមនុស្ស​ប្រកបដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ សម្រាប់ប្រទេសជាតិយើង៕

ដោយ បៃ ស៊ីថុន​ (AKP)