ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម យន្ត មីន ចូលរួមលែងកូនបង្គារ ២លានកូន ជាលើកដំបូង ចូលស្រះធម្មជាតិ នៅស្រុកព្រៃនប់

ព្រះសីហនុ៖​​ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងការលែងកូនបង្គា លើកទី១ ចូលក្នុងស្រះចិញ្ចឹមបង្គាបែបលក្ខណៈធម្មជាតិខ្នាតធំចំនួន២លានកូន ដែលស្ថិត ក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានឱ្យដឹងថា ស្រះចិញ្ចឹម បង្គានេះមានទីតាំងជាប់ទំនប់ ការពារទឹកប្រៃ (ទំនប់ប៉ុលឌែ) ស្ថិតក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានផ្ទៃដីសរុប ចំនួន៨ហិកតា ហើយនេះ ជាតំណាក់ កាលទី១ ដែលបានធ្វើការសាកល្បងលែងកូនបង្គាចូលស្រះ ជាលក្ខណៈធម្មជាតិ ខ្នាត់ធំ ក្នុង ស្រុកព្រៃនប់ ជាប់ព្រែកសមុទ្រលើក១ ដែលមានការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋ មន្ត្រី មូលដ្ឋាន និង រដ្ឋបាលខេត្តព្រះសីហនុ។ លោកបានបន្ដថា រដ្ឋបាលជលផលបានខិតខំផ្សព្វ ផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងការចិញ្ចឹម កូនបង្គាជាលក្ខណៈធម្មជាតិ ដោយចំណាយថវិកា តិច និងអាចប្រមូលផលមកវិញបានច្រើន ប្រសិនបើដំណាក់កាលទី១ ទទួលបានជោគជ័យ និងបន្តបំផុសប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ឱ្យងាកមកចិញ្ចឹមបង្គាក្នុងស្រះ។

ឯកឧត្តម យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍កោតសរសើរចំពោះ នាយខណ្ឌរដ្ឋបាលជលផល ដែលបានសហការភ្ញាស់ និងចិញ្ចឹមកូនបង្គាក្នុងស្រះធម្មជាតិ នាពេលនេះ និងគាំទ្រលើកទឹកចិត្តចំពោះសកម្មភាព ការចិញ្ចឹមកូនបង្គារក្នុងស្រះធម្មជាតិ ដោយសារតែតំបន់ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ មានលក្ខណៈភូមិសាស្រ្ត  ជាប់ នឹងមាត់សមុទ្រ ជាអំណោយផលល្អក្នុងការចិញ្ចឹមកូនបង្គា។ ឯកឧត្តមបានជំរុញឱ្យរដ្ឋបាល ជលផលខេត្ដបន្តបំផុស ប្រជាពលរដ្ឋឱ្យងាកមកចិញ្ចឹមបង្គាជាលក្ខណៈគ្រួសារ ដើម្បីបង្កើន ជីវភាព និងការផ្គត់ផ្គង់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ស្រប ពេលដែលកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង មកកម្សាន្ដ និង វិនិយោគក្នុងខេត្ត ព្រះសីហនុ មានការកើនឡើង ៕

ដោយ ងូ សុមុនី​