ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នឹងប្រើប្រាស់ផលិតផល រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ សម្រាប់វិស័យទេសចរណ៍

ភ្នំពេញ​: សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រកាសថា នឹងប្រើប្រាស់ផលិតផលរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ សម្រាប់វិស័យទេសចរណ៍ដែលអាចការពារសុវត្ថិភាពភ្ញៀវទេសចរ ខណៈដែលវិស័យទេសចរណ៍នៅកម្ពុជា កំពុងមានការរីកចម្រើន។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ ថា សមាគមនឹងធ្វើការផ្សព្វផ្សាយពីលក្ខណៈសម្បត្តិ អត្ថប្រយោជន៍សំខាន់ៗរបស់រថយន្តហ៊ីយ៉ាន់ដាយទៅដល់ភ្នាក់ងារទេសចរណ៍ប្រមាណ៣០០ក្រុមហ៊ុន ដែលជាសមាជិករបស់ CATA ដើម្បីជំរុញឱ្យប្រើប្រាស់សេវាកម្មនេះជាកញ្ចប់។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការនូវភាពជាដៃគូរវាងក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយ និងសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានHardRock Exchange Square លោកជំទាវ ឆាយ ស៊ីវលីន បានបញ្ជាក់ថា ការជ្រើសយករថយន្តសម្រាប់វិស័យទេសចរណ៍ពីក្រុមហ៊ុនហ៊ីយ៉ាន់ដាយនេះ គឺដោយសារតែ រថយន្តយីហោ កូរ៉េ១នេះ មានគុណភាពល្អ តម្លៃសមរម្យ ព្រោះក្រុមហ៊ុនេះ មានរោងចក្រតំឡើងផ្ទាល់ខ្លួន ក្នុងប្រទេសកម្ពុជា ហើយការគាំទ្ររថយន្តនេះ គឺជាការលើកទឹកចិត្ត ដល់ក្រុមហ៊ុនតំឡើង រថយន្តក្នុងស្រុក និងបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោក ប្រាយអ៊ែន ខូ (Brian Ko) នាយកប្រតិបត្តិក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានលើកឡើងថា ក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយ នឹងផ្គត់ផ្គង់សេវកម្មរថយន្តដឹកអ្នកដំណើរជាកញ្ចប់ ទៅឱ្យសមាជិក ភ្នាក់ងារទេសចរណ៍របស់ CATA ក្នុងតម្លៃមួយដែលសមរម្យ ជាមួយនឹងគុណភាព ផលិតផលល្អ ដើម្បីជួយលើកមុខមាត់វិស័យទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្គត់ផ្គង់សេវាកម្មធ្វើដំណើរដែលមានស្ដង់ដារខ្ពស់ដល់អតិថិជន។
គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយ កាលពីពេលថ្មីៗនេះ បាននាំចូលរថយន្តស៊េរីថ្មីឆ្នាំ២០១៩ Hyundia H-1 មកចរាចរលក់ក្នុង ទីផ្សារកម្ពុជា ដោយរថយន្តស៊េរីថ្មីនេះ ជាប្រភេទរថយន្តដឹកអ្នកដំណើរ12 កៅអី៕

ដោយ ម៉ៅ ចរិយា