ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តកោះកុងចាប់ផ្តើមស្វែងរកប្រភពទឹកសំខាន់ៗដើម្បីផ្គត់ផ្គង់ការផលិតទឹកស្អាតនៅក្នុងក្រុងខេមរភូមិន្ទ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖


អាជ្ញាធរខេត្តកោះកុងចាប់ផ្តើមស្វែងរកប្រភពទឹកសំខាន់ៗបន្ថែមទៀតដើម្បីផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាតនៅក្នុងក្រុងខេមរភូមិន្ទ កាត់បន្ថយបញ្ហាប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។


លោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានឲ្យដឹងថា បច្ចុប្បន្ន ក្រុងខេមរភូមិន្ទ កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ខណៈទឹកនៅក្នុងអាងជ្រោះតាប៉ន ដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាត បានចាប់ផ្តើមរីងស្ងួតជាបណ្តើរៗហើយ ។ លោកថា មន្ទីរ និងអង្គភាពជំនាញរបស់ខេត្ត គ្រោងនឹងទាញយកទឹកពីអាងទឹកមួយកន្លែងទៀត ស្ថិតនៅក្រោយព្រលានយន្តហោះ ក្នុងសង្កាត់ស្មាច់មានជ័យ ដែលបច្ចុប្បន្ននៅសល់ទឹកប្រមាណ ៨ ម៉ឺនម៉ែត្រគូប ដើម្បីយកមកផ្គត់ផ្គង់បន្ត ។
លោកបញ្ជាក់បន្ថែមថា ក្រៅអាងទឹកក្រោយព្រលានយន្តហោះនេះ ក៏នៅមានប្រភពទឹកដ៏មានសក្តានុពលមួយទៀត ដែលអាចផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាតនាពេលខាងមុខ នោះគឺទឹកជ្រោះសិលាមានជ័យ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្មាច់មានជ័យនេះដែរ ។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង នឹងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ក្នុងការអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកោះកុងបានអាក់ខានបញ្ចេញទឹកទៅកាន់លំនៅដ្ឋានរបស់ពលរដ្ឋ និងមន្រ្តីរាជការអស់ពេល៤ថ្ងៃ ក៏ព្រោះតែបំពង់ទុយោមេបញ្ចូនទឹកឆេះធ្លុះធ្លាយដែលបង្កឡើងដោយភ្លើងឆេះព្រៃចំណុចស្ពានផ្លូវបំបែកអូរស្រីស្រណោះ បណ្តោយផ្លូវជាតិលេខ៤៨៕