ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងការងារ៖ កម្មករ កម្មការិនី នឹងទទួលបានប្រាក់អតីតភាពការងាររយៈពេល៦ខែ សម្រាប់២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា កម្មករ កម្មការិនី នឹង​ទទួល បានប្រាក់អតីតភាពរយៈពេល៦ខែសម្រាប់ឆ្នាំ២០១៩នេះ ហើយកត្ដានេះក៏បានដោះស្រាយ បញ្ហាជាច្រើនជូនកម្មករផងដែរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្ររបស់ វិទ្យាស្ថានអភិវឌ្ឍន៍និស្សិត កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈបានមានប្រសាសន៍ថា រាជរដ្ឋាភិ បាលនឹងមានគោលនយោបាយមួយ គឺផ្តល់ប្រាក់ដល់ស្ត្រីមានជីវភាពក្រីក្រ នឹង ទទួលបានទឹកប្រាក់ឧបត្ថម្ភក្នុងរយៈពេលពីរឆ្នាំ ឡើងទទួលបានប្រាក់ចំនួន១៩០ដុល្លារ។ ឯកឧត្តមបានបញ្ជាក់ថា នេះជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ហើយគោលនយោ​បាយនេះ​មិនថបថយក្រោយទេគឺបន្តទៅមុខរហូត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដថា “នៅក្នុងឆ្នាំ​២០១៩នេះយើងក៏កំពុងតែបង្កឱ្យមានការទូទាត់ប្រាក់អតីតភាព បើកជូនកម្មកររយៈពេល៦ខែ ម្តង ដោយមិនចាំបាច់ទុករយៈពេលយូរទេ ហើយអតីតភាពដែលមានតាំងពីមុនមក ក៏មានការ​ទូទាត់​ជាបណ្តើរៗ កុំមាននៅសល់។ អីចឹងទេបងប្អូនអ្នកធ្វើការទាំងអស់ពិសេសនោះ​បងប្អូន​ដែលធ្វើការនៅក្នុងវិស័យឯកជន មានក្តីសង្ឃឹម។”

ឯកឧត្តមបានបន្ថែមថា គោលនយោបាយនេះក៏បានកាត់បន្ថយកូដកម្ម បាតុកម្មនៅ​តាមបណ្តារោងចក្រផងដែរ ហើយនៅក្នុងឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលនឹង ធ្វើឱ្យវិស័យ​ឯកជនមានរបបសោធននិវត្តន៍ដូចនឹងមន្ត្រីរាជការសាធារណៈដែរ។ ជាមួយគ្នានេះ មិនត្រឹមតែ​វិស័យឯកជនទេ ប្រជាពលរដ្ឋទូទៅដែលមានបញ្ហាជីវភាពក៏អាចនឹងមានប្រាក់​សោធន​និវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអះអាងថា នៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន មិនមានការ បែងចែកវិស័យឯកជន និងសាធារណៈនោះទេ។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ  បន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីធ្វើការប្រែក្លាយប្រទេសឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ដោយ ប៊ុន រិទ្ធ