AFF U22 Championship 2019 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះចាប់ផ្តើមប្រកួតផ្លូវការ នាថ្ងៃទី១៧ ខែកុម្ភៈ តទៅ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — ព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនអាយុក្រោម២២ឆ្នាំ អាស៊ាន AFF U22 Championship 2019 ដែលកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះនោះនឹងត្រូវដំណើរការប្រកួតជម្រុះប្រកួតផ្លូវការ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដោយមាន២ប្រកួតបើកឆាក គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិវៀតណាម U22 ប៉ះជាមួយក្រុមជម្រើសជាតិ U22 ហ្វីលីពីន ខណៈក្រុមថៃ នឹងត្រូវប្រជែងពិន្ទុជាមួយនឹងក្រុមទីម័រខាងកើត។ យោងកម្មវិធីប្រកួតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF បានឱ្យដឹងថា សម្រាប់ ការប្រកួត នាថ្ងៃទី១៨ ខែកុម្ភៈ គឺក្រុមមីយ៉ាន់ម៉ាប៉ះជាមួយក្រុមឥណ្ឌូណេស៊ី ខណៈក្រុមម្ចាស់ ផ្ទះកម្ពុជា នឹងត្រូវប្រកួតប្រជែង ពិន្ទុនៅប្រកួតដំបូងជាមួយក្រុមម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះ មាន៨ក្រុមចូលរួម ដែលចែកចេញជាពីរពូល ក្នុង១ពូលមាន៤ក្រុមស្មើៗគ្នា ហើយក្រុមទាំង៤ក្នុងពូលនីមួយៗនឹងត្រូវបន្តជួបគ្នា ក្នុងវគ្គសន្សំពិន្ទុរៀងៗខ្លួន ដើម្បី ស្វែងក្រុមខ្លាំងៗចំនួន៤ក្រុម មកពីពូលទាំងពីរមកប្រកួតស្វែងពូល និងឈានទៅរកវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។
ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 មាន៨ក្រុម រួមមាន៖ ពូលB ក្រុមម្ចាស់ផ្ទះ U22 កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី រីឯពូលA មានក្រុម U22 ថៃ វៀតណាម ហ្វីលីពីន និងក្រុម U22 ទីម័រខាងកើត។
ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ក្នុងឋានៈជាម្ចាស់ផ្ទះក៏បានប្រកាសពីតម្លៃ និង កាលបរិច្ឆេទលក់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ដែលគ្រោងចាប់ផ្ដើមលក់នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខ ដែលមានតម្លៃ ១០,០០០រៀល សម្រាប់កន្លែងអង្គុយ មានកៅអី និងតម្លៃ ៥,០០០រៀល សម្រាប់កន្លែងអង្គុយ គ្មានដំបូល ដោយប្រិយមិត្តអ្នកគាំទ្រអាចរកទិញសំបុត្រ ចូលរួមទស្សនាបាននៅទីតាំងខាង មុខលក់នៅពហុកីឡដ្ឋានជាតិ៕
ដោយ ហេង ណាលីន