ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងការងារ ជំរុញយុវជនចាប់យកជំនាញបច្ចេកទេសបន្ថែមក្រៅពីសិក្សាចំណេះទូទៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖


រដ្ឋមន្រ្ដីក្រសួងការងារ ជំរុញឲ្យយុវជនចាប់យកជំនាញបច្ចេកទេសបន្ថែមក្រៅពីសិក្សាចំណេះដឹងទូទៅដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

ថ្លែក្នុងពិធីប្រគល់សញ្ញាបត្រដល់និសិ្សតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១ និងទី៣ នៃវិទ្យាស្ថានអភិវឌ្ឍន៍និសិ្សត នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម អ៊ិត សំហេងរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំបច្ចេកទេសវិជ្ជាជីវៈជាវិស័យអទិភាពក្នុងការអភិឌ្ឍសេដ្ឋកិច្ចជាតិ។


ឯកឧត្ដមបានលើកទឹកចិត្ដឲ្យយុវជនគួរជ្រើសរើសជំនាញបច្ចេកទេសខាងវិស័យ កសិកម្ម កាត់ដេរ សំណង់ អគ្គីសនី កុំព្យូទ័រ ខណៈដែលជំនាញទំាងនេះ កំពុងមានតម្រូវការទីផ្សារខ្លាំង ហើយទទួលបានប្រាក់បៀវត្សខ្ពស់។
លោក គា បូរ៉ាត នាយកវិទ្យាស្ថានអភិវឌ្ឍន៍និសិ្សត បានគាំទ្រការជំរុញឲ្យនិស្សិតសិក្សាជំនាញបន្ថែម ហើយវិទ្យាស្ថានរបស់លោកក៏បានបង្កើតឲ្យមានវគ្គសិក្សាបច្ចេកទេស ដែលផ្ដោតទៅលើជំនាញទំាងនេះដែរ ។
កញ្ញា ហេង ម៉េងគីម ជានិសិ្សតនៃវិទ្យាស្ថានអភិវឌ្ឍន៍និសិ្សត បានឲ្យដឹងថា ការរៀនជំនាញបច្ចេកទេសពិតជាសំខាន់ណាស់ ដែលងាយស្រួលក្នុងការរកការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើនការអប់រំផ្សព្វផ្សាយ នឹងពង្រឹងគុណភាពនៃការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ឲ្យស្របតាមស្តង់ដារដែលកំណត់ដោយនិយោជក និងផ្នែកឧស្សាហកម្ម ដែលមានសមត្ថភាពអាចប្រកួតប្រជែងជំនាញទាំងក្នុងតំបន់និងសកលលោក៕