ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហព័ន្ធខ្មែរកីឡាហែលទឹកពង្រីកចំណេះដឹងគ្រូបង្វឹកមូលដ្ឋានដល់គរុសិស្សកីឡា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — ដើម្បីផ្តល់ចំណេះដឹងប្រកបដោយគុណភាពបន្ថែមលើកម្មវិធីសិក្សា ដែលវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡាផ្តល់ជូនសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឆ្នាំ២០១៩ នេះបានផ្តើមបើក វគ្គបណ្តុះបណ្តាលគ្រូ បង្វឹកកម្រិតមូលដ្ឋានថ្នាក់ជាតិ ដោយផ្តល់ឱកាសដល់គុរសិស្សអប់រំ កាយ និងកីឡាចូលរួមសិក្សាទទួលចំណេះ ដឹងថ្មីលើវិស័យកីឡាមួយនេះ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានគូសបញ្ជាក់ថា វត្តមានគរុសិស្សកីឡា ចូលរួមវគ្គនេះគឺជាឱកាសល្អមួយសម្រាប់សហព័ន្ធក្នុងការសម្លឹងរកគ្រូ កីឡាប្រកបដោយគុណភាពទៅអនាគត។ លោកបានបន្ដថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹក​ថ្នាក់ ជាតិលើកទី២ ឆ្នាំ២០១៩នេះ សហព័ន្ធបានបង្វែរទិសដៅ ដោយផ្តាតសំខាន់លើ សិក្ខាកាម ដែលនៅខេត្តនានា ក្នុងតំបន់សមុទ្រ ដូចជាខេត្តកំពត ព្រះសីហនុ និងខេត្ដកោះកុងជាដើម ខណៈកាលពីការរៀបចំលើកទី១ ក្នុងឆ្នាំ២០១៧ សហព័ន្ធបានផ្តោតសំខាន់លើខេត្តមួយចំនួន ដែលជាប់នៅតំបន់ទន្លេ ដូចជាខេត្ដកំពង់ចាម ត្បូងឃ្មុំ កណ្តាល បាត់ដំបង និងខេត្ដ​សៀមរាប។

លោកអះអាងបន្ថែមថា ការប្តូរទិសដៅថ្មីនេះក៏ព្រោះសហព័ន្ធមានបំណងចង់បង្កើនចំនួន​គ្រូកីឡាហែល​ទឹកឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិលើកទី២ឆ្នាំ២០១៩នេះ ធ្វើឡើង រយៈពេល៣ថ្ងៃ ដោយមានសិក្ខាកាមចូលរួមសរុបមានចំនួន៣០នាក់ មកពី៦រាជធានី-ខេត្ត ដូចជាខេត្តសៀមរាប កោះកុង កែប កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ ក្នុងនោះសិក្ខាកាម ដែលជាគរុសិស្សអប់រំកាយនិងកីឡា មានចំនួន ១០នាក់៕

ដោយ ហេង​ ណាលីន