ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលកម្ពុជា ថា សហភាពអឺរ៉ុបផ្តល់ភាពអយុត្តិធម៌មកលើកម្ពុជាសម្រាប់ប្រព័ន្ធអនុគ្រោះពន្ធ

វិទ្យុជាតិកម្ពុជា ៖ ដោយ វ៉ាង ភក្តី


រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុបផ្តល់ភាពអយុត្តិធម៌មកលើកម្ពុជាសម្រាប់ប្រព័ន្ធអនុគ្រោះពន្ធ ខណៈកម្ពុជាបានអនុវត្តលក្ខខណ្ឌនាំចេញ តាមរយៈការអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ ជាដើម។
រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចរបស់
គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ (EBA)ពីកម្ពុជា។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីីការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ បានចាត់ទុកសេចក្តីសម្រេចចិត្តនេះជារឿងអយុត្តិធម៌បំផុត ខណៈដែលគណៈកម្មការអឺរ៉ុបមិនអើពើចំពោះវិធានការជាក់ស្តែង និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ និងការប្តេជ្ញាចិត្តចំពោះការអនុវត្តអនុសញ្ញាស្នូលទាំង១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេល័ក្ខខ័ណ្ឌក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាឯកតោភាគី ជាពិសេសនៅលើវិស័យទាំងឡាយដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីវិធានការដើម្បីពង្រឹងលំហនយោបាយ និងសង្គមស៊ីវិល សិទ្ធិការងារ និងការដោះស្រាយបញ្ហាដីធ្លីនិងដីសម្បទានស្ករអំពៅ។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈថា គណៈកម្មការអឺរ៉ុបមិនបានធ្វើសកម្មភាពដោយឈរលើគោលការណ៍ “ស្មោះត្រង់” និង “យុត្តិធម៌” នោះទេ។ គណៈកម្មការនេះ បានបិទភ្នែកនៅពេលដែលប្រទេសជាច្រើន ដែលកំពុងតែទទួលនូវក្របខ័ណ្ឌអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមិនបានអនុវត្តពេញលេញនូវអនុសញ្ញាអន្តរជាតិទាំងនោះ ប៉ុន្តែជាមួយនឹងរបៀបវារៈនយោបាយ គណៈកម្មការអឺរ៉ុបបានដាក់បន្តុប និងរំពឹងនូវ “ការអនុវត្តដ៏ល្អឥតខ្ចោះ” នៃអនុសញ្ញាទាំងនោះពីកម្ពុជា។ គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់ ការកែលំអ និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលបានធ្វើ ដូចដែលបានរំលេចឡើងក្នុងលិខិតឆ្លើយតបកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដោយមានភ្ជាប់នូវរបាយការណ៍បញ្ជីវឌ្ឍនភាពគ្រប់ជ្រុងជ្រោយនោះទេ។
ជាក់ស្តែង នៅលើគោលការណ៍ពហុបក្ស គណៈកម្មការអឺរ៉ុបបានផ្តោតតែទៅលើអត្ថិភាពរបស់អតីតគណបក្សសង្រ្គោះជាតិ និងជោគវាសនានៃថ្នាក់ដឹកនាំគណបក្សនេះតែប៉ុណ្ណោះ។ គណៈកម្មការអឺរ៉ុប បានចោទប្រកាន់ទៅលើភាពស្របច្បាប់នៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៨ ដោយឈរលើមូលដ្ឋានតែមួយគត់ គឺអវត្តមាននៃអតីតគណបក្សសង្គ្រោះជាតិ ដោយមិនបានទទួលស្គាល់គណបក្ស១៩ ផ្សេងទៀត ដែលបានប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលបានទទួលសំឡេងជិត១លាន៥សែន ឬស្មើនឹង២៣ភាគរយ នៃសន្លឹកឆ្នោតបានការនោះទេ។ ការមិនទទួលស្គាល់នូវការពិតទាំងនេះបានបង្ហាញយ៉ាងច្បាស់ នូវភាពលំអៀងយ៉ាងគឃ្លើនរបស់គណៈកម្មការអឺរ៉ុប ក៏ដូចជាការមិនអើពើចំពោះម្ចាស់ឆ្នោត និងគណបក្សរបស់ពួកគេ ដែលបានចូលរួមក្នុងការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងជម្រើសនយោបាយរបស់ពួកគេ។
ជាមួយគ្នានេះ ក៏មិនបានបង្ហាញការគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា នៅពេលដែលការទាមទារនានាទាក់ទងនឹងEBA គឺស្មើនឹងការជ្រៀតជ្រែកចូលទៅក្នុងការវិវត្តនយោបាយរបស់ប្រទេសមួយ។ គណៈកម្មការអឺរ៉ុប បានបដិសេធនូវសំឡេងដ៏ច្រើនលើសលុបរបស់ម្ចាស់ឆ្នោតកម្ពុជា ដែលបានសម្តែងការគាំទ្រដល់រាជរដ្ឋាភិបាលតាមរយៈសន្លឹកឆ្នោតរបស់ពួកគេ។ ផ្ទុយទៅវិញ គណៈកម្មការអឺរ៉ុបបានជ្រើសយកការគាំទ្រអ្នកនយោបាយមួយក្តាប់តូច ដែលបានកសាងប្រជាប្រិយភាពរបស់ខ្លួន តាមរយៈការស្អប់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងភាសាអុចអាលបញ្ឆេះកំហឹងពលរដ្ឋឲ្យបង្កាត់ភ្លើងសង្គ្រាមស៊ីវិល។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា កម្ពុជានៅតែមានឆន្ទៈបន្តពង្រឹងលំហប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ ដូចដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ។ ក៏ប៉ុន្តែ យើងក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំផងដែរ ក្នុងការការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមគ្នានេះ នឹងនៅតែបន្តខិតខំតរាល់បញ្ហាសង្គម សេដ្ឋកិច្ចបន្ទាន់ៗទាំងឡាយ ដែលប៉ះពាល់ដល់ជីវភាពប្រជាជនកម្ពុជា៕