ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជានឹងបង្កើតស្ដង់ដារវិថីម្ហូបអាហារ និងស្ដង់ដារតូបលក់ម្ហូបអាហារ ចូលទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឱ្យដឹង ថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ្រោងនឹងស្នើរាជ រដ្ឋាភិបាលសុំដាក់បញ្ចូលស្ដង់ដារវិថីម្ហូបអាហារ (Food Street) និងស្ដង់ដារតូបលក់ម្ហូប​អាហារចូលទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីលើកកម្ពស់អនាម័យម្ហូបអាហារ នៅកម្ពុជា ដែលជាសក្ដានុពលដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរ។

នេះជាលើកឡើងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ខណៈដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើក ទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ស្ដង់ដារវិថីម្ហូប អាហារ និងស្ដង់ដារតូបលក់ម្ហូបអាហារ (ទាំងចល័ត និងអចល័ត) នឹងក្លាយជា ផ្នែកមួយ ដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់ គោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាលើកកម្ពស់សេវា កម្មម្ហូបអាហារផង និងលើកកម្ពស់សុវត្ថិភាព អនាម័យម្ហូបអាហារជូនប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរផងដែរ។ ទន្ទឹមនឹងនេះ ក៏នឹងចូលរួមលើកកម្ពស់សោភណភាពទីក្រុង លើកកម្ពស់ ភាពស្អាត និងបៃតងនៅតាម ក្រុង-ស្រុក និងទីប្រជុំជននានា នៃរាជធានី-ខេត្តគោលដៅ ទេសចរណ៍ទៀតផង។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានទទួលទានអាហារដែលឆ្លង កាត់ការរៀបចំ ស្ដង់ដារវិថីម្ហូបអាហារនេះ នឹងទទួលបាននូវភាពកក់ក្ដៅជឿទុកចិត្តបាន។
លើសពីនេះទៀត ស្ដង់ដារវិថីម្ហូបអាហារ និងស្ដង់ដារតូបលក់ម្ហូបអាហារ នឹងលើក កម្ពស់ជីវភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូចបែប គ្រួសារឱ្យមានការរីកលូតលាស់ផងដែរ។ឯកឧត្តម ថោង ខុន បានបន្តថា «នៅពេលគេល្បី តៗគ្នាថាកម្ពុជាមានស្ដង់ដារម្ហូប អាហារល្អ ត្រឹមត្រូវ មានសុវត្ថិភាព មានអនាម័យត្រឹមត្រូវ នោះហើយគឺជាសក្ដានុពលថ្មី មួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម»។ ប៉ុន្តែនៅចំពោះមុខស្ដង់ដារ ទាំងពីរនេះមិនទាន់ត្រូវបានអនុវត្តន៍នៅឡើយទេ បើគិតក្នុងក្របខ័ណ្ឌចលនា ប្រឡងប្រណាំងទីក្រុងស្អាត។


នាឱកាសនោះដែរ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នឹងស្នើសុំរាជរដ្ឋាភិបាលដើម្បីបញ្ចូលស្ដង់ដារទាំងពីរនេះ ទៅក្នុងសូចនាករចលនាប្រឡងប្រណាំងទីក្រុងស្អាត។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ជាការគ្រោងទុក នៅពេលរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងប្រកាសដាក់ឱ្យអនុវត្តន៍ ស្ដង់ដារ វិថីម្ហូបអាហារ និងស្ដង់ដារតូបលក់ម្ហូបអាហារនេះ ទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីបំផុសឱ្យក្រុងបេក្ខភាពនានាខិតខំរៀបចំទីក្រុងរបស់ខ្លួនឱ្យកាន់តែលេចធ្លោឡើងថែមទៀត៕

ដោយ សាយ សុន (រូបថត៖ក្រសួងទេសចរណ៍)