ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិនិយោគិនហុងកុង ងាកមកវិនិយោគលើគម្រោងបុរីជាលើកដំបូងនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ — វិនិយោគិនអចលនទ្រព្យហុងកុង បានងាកមកវិនិយោគលើគម្រោងបុរីផ្ទះល្វែង ជាលើកដំបូង​នៅរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវវេងស្រេង ខណៈទីផ្សារខុនដូរកំពុងមានសន្ទុះខ្លាំង។ ស្របពេលដែរទីផ្សារខុនដូរ កំពុងមានកំណើនយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុនអចលនទ្រព្យហុងកុង Penta Global Limited បានងាកមកវិនិយោគលើគម្រោង​បុរីផ្ទះល្វែង ដោយរំពឹងទទួលបានចំណែកទីផ្សារខ្ពស់ពីអតិថិជនចិន និងក្នុងស្រុក។

លោក Nixon Lee នាយកក្រុមហ៊ុន Penta Global Ltd បានបញ្ជាក់ក្នុងពិធីសម្ពោធជា​ផ្លូវការបុរីសូឡី ៨៨ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ថា Penta Global Limited “Penta” គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិ ដែលមាន ទីតាំងនៅទីក្រុងហុងកុង ដែលបានបើកដំណើរ​ការដោយស្ថាបនិក៦រូប ដែលមានបទពិសោធន៍ខ្ពស់ ក្នុងវិស័យអចលនទ្រព្យ នៅទីក្រុងហុ​ងកុង សហរដ្ឋអាមេរិក ចិន ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងកោះតៃវ៉ាន់។ នៅក្នុងឆ្នាំថ្មីនេះ Penta នឹងផ្តោតទៅលើប្រទេសដែលស្ថិតនៅក្នុងខ្សែក្រវ៉ាត់មួយផ្លូវមួយ ហើយប្រទេសកម្ពុជា គឺជាជំហានដំបូងនៅក្នុងគម្រោងរបស់ Penta។ លោកបានលើកឡើងថា Penta បានជ្រើស រើសប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គោលនយោបាយ និងសេដ្ឋកិច្ច ការបើក ទូលាយ​ខាង​លំហូររូបិយប័ណ្ណបរទេស និងតម្រូវការគេហដ្ឋានខ្ពស់ សម្រាប់មនុស្សជំនាន់ក្រោយ។ លោកបន្តថា ការងាកមកវិនិយោគលើគម្រោងបុរីនេះ ព្រោះក្រុមហ៊ុន ចង់ទាញយកចំណែក ទីផ្សារពីអតិថិជនចិន និងកម្ពុជា ដែលចង់វិនិយោគ ឬចង់បានលំនៅឋានស្នាក់នៅ ដែលមាន គុណភាព បរិយាកាសល្អ អាចងាកមកចាប់អារម្មណ៍លើគម្រោងនេះ ស្របពេលដែល លោកគិតថាទីផ្សារខុនដូរ ហាក់ចង្អៀតសម្រាប់ការវិនិយោគ។

លោក Sunny Yung អ្នករៀបចំគម្រោងនេះ បានបញ្ជាក់ដែរថា បុរីSoleil 88 គឺត្រូវបាន អភិវឌ្ឍន៍ឡើង ជាប្រភេទផ្ទះបែបទីក្រុងចំនួន៨៨ផ្ទះ ក្នុងគម្រោងអភិវឌ្ឍន៍នេះ ក៏មានរៀបចំ ឱ្យមានជាសួនច្បារ ហេដ្ឋាចនាសម្ព័ន្ធល្អ និងការការពារសុវត្ថិខ្ពស់ សម្រាប់ការស្នាក់នៅ។ លោកបានបន្ថែមថា ក្រុមហ៊ុនមានផ្ទះចំនួន២ប្រភេទ គឺផ្ទះដែលមានកម្ពស់៣ជាន់ និងផ្ទះដែល​មានកម្ពស់៤ជាន់ ដោយផ្នែកខាងក្នុងផ្ទះ បានបែងចែកឱ្យមានជាជាន់ឡៅតឿ មានលក្ខណៈ​ធំទូលាយជាមួយនឹងការបែងចែកបន្ទប់ ឱ្យមានភាពស្រឡះ និងខ្ពស់ៗ ងាយស្រួលក្នុងការ ស្នាក់នៅ និងធ្វើពាណិជ្ជកម្មផងដែរ។

គួរបញ្ជាក់ថា គម្រោងបុរី Soleil 88នេះ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការសាងសង់ និង វិនិយោគដោយក្រុមហ៊ុនហុងកុង ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕

ដោយ ម៉ៅ ចរិយា