ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជប៉ុនចុះកិច្ចសន្យាផ្តល់ជំនួយជាង ៥២៩ពាន់ដុល្លារអាម៉េរិក ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍សាលាមត្តេយ្យសិក្សាធនធានខេត្តបាត់ដំបង

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាជាង ៥២៩​ពាន់ដុល្លារអាម៉េរិក ដល់អង្គការ សន្តិស្ម័គ្រចិត្ត ក្រោមគម្រោងជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅ រដ្ឋាភិបាលជប៉ុន។កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានារសៀល​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុន រវាងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ ប្រទេសជប៉ុនប្រចាំកម្ពុជា  និងលោក Kase Takashi នាយកអង្គការសន្តិស្ម័គ្រចិត្ត សម្រាប់ គម្រោងសាលារៀនមត្តេយ្យសិក្សាធនធានគំរូផ្តោតលើបណ្ណាល័យក្នុងខេត្តបាត់ដំបង។

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជាថ្លែងថា ថវិកាជំនួយប្រមាណជាង ៥២៩ពាន់ដុល្លារអាម៉េរិក ដែលរដ្ឋាភិបាលជប៉ុនផ្តល់ដល់អង្គការសន្តិស្ម័គ្រចិត្តនេះ នឹងបង្កើតសាលារៀនមត្តេយ្យ គំរូបំ ពាក់ដោយបណ្ណាល័យ លើកកម្ពស់ការអានសៀវភៅក្នុងការអប់រំកុមារតូច និងបង្កើន សមត្ថភាពគ្រូបង្រៀនសាលាមត្តេយ្យក្នុងខេត្តបាត់ដំបង ដើម្បីកែលម្អគុណភាព នៃការអប់រំកុមារតូច និងអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងសម្រាប់កុមារតូច។ តាមរយៈគម្រោង នេះលោកទូតសង្ឃឹមថា សកម្មភាពរបស់បណ្ណាល័យនឹងរីកចម្រើននៅទូទាំងខេត្ត ហើយការអប់រំកុមារតូចក្នុងខេត្តបាត់ដំបងនឹងអភិវឌ្ឍន៍កាន់តែខ្លាំង។

លោក Kase  Takashi បានសន្យាថា ក្នុងដំណាក់កាលនៃការរៀបចំគម្រោងនេះ យើងបានពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ និងសហការជាមួយមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងសាលាមត្តេយ្យសិក្សាធនធានបាត់ដំបង ហើយយើងនឹងប្រឹង ប្រែងអស់ពីសមត្ថភាពដើម្បីរក្សានូវកិច្ចសហប្រតិបត្តិការល្អ នៅដំណាក់កាលនៃការ អនុវត្តគម្រោងនេះ។ ជាពិសេសគម្រោងនេះអាចរួមចំណែក ដល់ការបង្កើតទំនាក់ទំនង មិត្តភាព រវាងជប៉ុន និងកម្ពុជា៕

ដោយ ប៉ាល់ សុង