ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩

AKP កំពត ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានសមាសភាពចូលរួមមកពីប្រធានគណៈកម្មការសាខា សមាជិក សមាជិកា គណៈកម្មការសាខា ប្រធានកិត្តិយស និងប្រធានគណៈកម្មការ អនុសាខាក្រុង ស្រុកទាំង៨ និងក្រុមប្រតិបត្តិសាខាសរុប៤២នាក់។ កិច្ចប្រជុំបានផ្ដោត លើរបៀបវារៈសំខាន់ៗរួមមាន៖១-ការពិភាក្សា និងអនុម័ត លើរបាយការណ៍ឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩។២-ពិភាក្សារៀបចំសន្និបាតរបស់សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត អាណត្តិទី៥។ ៣-ពិភាក្សារួមលើការរៀបចំទិវា៨ឧសភាឆ្នាំ២០១៩។

ឯកឧត្តម ជាវ តាយ ប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានឱ្យដឹងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ជារួមលទ្ធផលការងារក្នុងវិស័យស្នូល ទាំង៤របស់កាកបាទក្រហមកម្ពុជាដែលសាខាកាកបាទក្រហមខេត្តកំពតបានអនុវត្តន៍នៅក្នុងឆ្នាំ២០១៨កន្លងមក ក្នុងនោះរួមមានការងារ លើការគ្រប់គ្រង គ្រោះមហន្តរាយ ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌និង ការងារអភិវឌ្ឍស្ថាប័ន និងធនធានដោយក្នុងនោះសម្រេច បានលទ្ធផលគួរឱ្យកោតសរសើរផងដែរ។ ទន្ទឹមនឹងនោះកិច្ចប្រជុំក៏បានដាក់ ចេញនូវទិសដៅ បង្កើនការអនុវត្តសកម្មភាពបន្តទៀតក្នុងឆ្នាំ២០១៩ ដោយផ្សារភ្ជាប់នូវវិស័យស្នូល ទាំង៤ខាងលើ ឱ្យបានកាន់តែចំគោលដៅនិងមាន ប្រសិទ្ធភាពល្អប្រសើរថែមទៀត។

តាមរបាយការណ៍របស់ លោក កែវ សុផាន់ នាយកប្រតិបតិ្តសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត បានឱ្យដឹងដែរថា លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៨ កន្លងទៅ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានទទួល សមាជិកភាពពីសប្បុរសជន តាមមន្ទីរ អង្គភាពចាប់ពីថ្នាក់កិត្តិយសរហូតដល់សមាជិកភាពពីថ្នាក់លេខ១ ដល់ថ្នាក់លេខ៧សរុប ចំនួន ១០.២២២នាក់ និងទទួលបានទឹកប្រាក់សរុបចំនួន ៦៧.៣៧៥.០០០រៀល៕

ដោយ ប្រាក់ លាង