ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងយុត្តិធម៌ គ្រោងនឹងដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ចំនួនពីរទៀត នាឆ្នាំ២០២០ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានលើកឡើងថា ក្រសួងគ្រោងនឹងដាក់ឱ្យដំណើរ​សាលា ឧទ្ធរណ៍តំបន់ថ្មីចំនួនពីរទៀតគឺស្ថិតនៅក្នុងខេត្ដត្បូងឃ្មុំ និងខេត្ដបាត់ដំបង ដើម្បីសម្រួលដល់ ការកកស្ទះសំណុំរឿង។

ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែង ប្រាប់​ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPឱ្យដឹងនារសៀលថ្ងៃ១២ ខែកុម្ភៈឆ្នាំ២០១៩នេះថា សាលាឧទ្ធរណ៍ចំនួនពីរបានកំពុងសាងសង់ស្ថិតក្នុងរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០១៩នេះ ទើប រួចរាល់ និងត្រូវបំពាក់សម្ភារផ្សេងៗទៀត ដែលសាលាឧទ្ធរណ៍ទាំងពីរនេះ គឺនៅក្នុងខេត្ត ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍ខេត្តបាត់ដំបង។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបង្កើតសាលា​ឧទ្ធរណ៍តំបន់ទាំងពីរនេះគឺក្នុងគោលបំណងដើម្បីបង្ខិតសេវាផ្នែកផ្លូវច្បាប់ឱ្យនៅជិតប្រជាពលរដ្ឋដែលរស់នៅតាមខេត្ត និងនៅជិតសាលាឧទ្ធរណ៍តំបន់មិនចាំបាច់ឡើងមករាជធានី ភ្នំពេញដូចបច្ចុប្បន្ននេះទេ។ ឯកឧត្តមបានបន្ថែមថា “បច្ចុប្បន្នយើងមានតែនៅភ្នំពេញមួយទេ អីញ្ចឹងពួកគាត់ ត្រូវឡើងមកភ្នំពេញ អីញ្ចឹងវាជួយកាត់បន្ថយចំណាយពេលវេលារបស់គាត់ ហើយឱ្យសេវាខិតជិតប្រជាពលរដ្ឋ”។

ជាមួយគ្នានេះដែរ ឯកឧត្តមបានអះអាងថា ការបង្កើតសាលាឧទ្ធរណ៍នេះផងដែរ ក៏ជា ផ្នែកមួយក្នុងការចូលរួមកុំឱ្យមានការកកស្ទះសំណុំរឿងនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញផងដែរ ជាពិសេសក៏ជួយពន្លឿនដំណើរការសំណុំរឿង​ និងតាមនីតិវិធីក៏ជួយកាត់បន្ថយផងដែរ។

ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងទៀតថា សាលាឧទ្ធរណ៍ថ្មីទាំងពីរនេះ អាចចំណាយ​ពេលមួយឆ្នាំក្នុងការសាងសង់ ហើយក៏មិនទាន់ដាក់ឱ្យដំណើរភ្លាមៗបានដែរ គឺត្រូវរៀបចំ​លិខិតបទដ្ឋានគតិយុត្ដ ក៏ដូចជាការរៀបចំមនុស្សក្នុងការបណ្តុះបណ្តាល ចៅក្រម ព្រះរាជ​អាជ្ញា និងការចាត់តាំងចៅក្រមទៅបំពេញការងារ និងជ្រើសរើសចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីទៅ បំពេញការងារ ទើបអាចដំណើរការបាន។

ឯកឧត្តមបានលើកឡើងពីការកកស្ទះសំណុំរឿងនៅក្នុងសាលាឧទ្ធរណ៍នៅរាជធានី ភ្នំពេញដោយអះអាងថា គ្រប់សំណុំរឿងទាំងអស់ មិនថាសំណុំរឿងព្រហ្មទណ្ឌ ឬ សំណុំ រឿងរដ្ឋប្បវេណីនោះទេដោយសាលាឧទ្ធរណ៍មានតែមួយ ហើយបណ្តឹងឧទ្ធរណ៍គ្រប់រាជធានី​ខេត្តទាំងអស់បុកមកតែមួយ។ ចំណែកចៅក្រម ព្រះរាជអាជ្ញាគឺមានចំនួនតិចនៅ​ឡើយ​នៅ​សាលាឧទ្ធរណ៍ដែលមិនសមាមាត្រទៅនឹងចំនួនសំណុំរឿង។

ឯកឧត្តមបានបន្ថែមទៀតថា នៅពេលដែលសាលាឧទ្ធរណ៍ទាំងពីរ ដាក់ឱ្យដំណើរការ​ជាផ្លូវការ សំណុំរឿងទាំងអស់ នឹងលែងមានការកកស្ទះនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ ទៀតហើយ ដោយសារត្រូវធ្វើការបែងចែកសំណុំរឿងទៅតាមតំបន់ណា​ដែលនៅ​ជិត​សាលា​ឧទ្ធរណ៍ទាំងអស់នោះ៕

ដោយ ប៊ុនរិទ្ធ