ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេសកជនចិនអំពាវនាវធ្វើឱ្យប្រសើរប្រតិបត្តិការរក្សាសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទបេសកជនចិនមួយរូបបាននិយាយថា គេអាចប្រកាន់យកនូវសកម្មភាពជាច្រើន ដើម្បី ធ្វើឱ្យល្អប្រសើរប្រតិបត្តិការរក្សាសន្តិភាព អ.ស.ប ។

ថ្លែងនៅឯសម័យប្រជុំពេញអង្គមួយរបស់គណៈកម្មាធិការពិសេស ​ស្តីពីប្រតិបត្តិការរក្សាសន្តិភាព លោក វូ ហៃតាវ ( Wu Haitao ) តំណាងអចិន្ត្រែយ៍ រងរបស់ប្រទេសចិននៅ អ.ស.ប បាននិយាយថា ប្រតិបត្តិការរក្សាសន្តិភាព អ.ស.ប កំពុងប្រឈមមុខនឹងការប្រកួតប្រជែងថ្មីនៅពេលដែលដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ។

បេសកជនចិនរូបនេះបាននិយាយថា ដើម្បីធ្វើឱ្យប្រសើរការគ្រប់គ្រងប្រតិបត្តិការរក្សាសន្តិភាព , លេខាធិការដ្ឋាន អ.ស.ប ត្រូវតែធ្វើឱ្យប្រសើរបំផុតយន្តការគាំទ្រខាងភស្តុភាររបស់ខ្លួន ពង្រឹងការហ្វឹកហាត់ ក្នុងអំឡុងការដាក់ពង្រាយ ព្រមទាំងបង្កើនសមត្ថភាព ដើម្បីដោះស្រាយស្ថានការណ៍ ដែលស្មុគស្មាញ។

តាមលោក វូ ឱ្យដឹងថា ស្ថាបត្យកម្មសន្តិភាពនិងសន្តិសុខថ្មី ព្រមទាំងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ លេខាធិការដ្ឋាននេះ បានដំណើរការហើយឥឡូវនេះ ហើយរចនាសម្ព័ន្ធថ្មីនេះគេរំពឹងថា នឹងមានប្រសិទ្ធភាពលើការធ្វើសមាហរណកម្មប្រភពធនធាន, ធ្វើឱ្យប្រសើរការគ្រប់គ្រងសេវា និងប្រសិទ្ធភាពប្រតិបត្តិការ ។

លោកបាននិយាយថា ការយកចិត្តទុកដាក់ថែមទៀត គេគួរតែធ្វើទៅលើសុវត្ថិភាពពួកអ្នករក្សាសន្តិភាព ។
លោក វូ ក៏បានលើកឡើងផងដែរ នូវសារសំខាន់នៃដំណោះស្រាយនយោបាយដោយនិយាយថា វាជាកត្តាយ៉ាងសំខាន់នៃប្រតិបត្តិការរក្សាសន្តិភាព អ.ស.ប ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)