ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នៅដើមឆ្នាំ២០២១ ខេត្តកំពង់ចាមនឹងបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ គ្រប់ក្រុង ស្រុក ទាំងអស់របស់ខេត្ត

AKP កំពង់ចាម ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩​ — នៅដើមឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាមនឹងបង្កើតឱ្យមានការិយាល័យ ច្រកចេញចូលតែមួយ សម្រាប់បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យមានគ្រប់ ក្រុងស្រុកទាំងអស់របស់ខេត្តកំពង់ចាម ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការផ្តល់ និងការ ទទួលសេវាសាធារណៈរបស់ប្រជាពលរដ្ឋយើង។

នេះជាការលើកឡើងរបស់ឯកឧត្តម ​គួច ចំរើន អភិបាល នៃគណៈ អភិបាល​ខេត្ត​កំពង់​ចាម​ក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨និងលើក ទិសដៅ​ការងារ​ឆ្នាំ​២០១៩​​​​របស់មន្ទីររៀបចំ​ដែនដី​  នគរ​រូប​នី​យក​ម្ម​ ​សំណង់និង​សុរិយោដី​ខេត្ត​កំពង់​ចាម នាព្រឹក​ថ្ងៃចន្ទ ​៧កើត ​ខែ​មាឃ ​ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក​ពុទ្ធសករាជ​២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​កំពង់​ចាម​​។

ឯកឧត្តម ​គួច ចំរើន អភិបាលខេត្តបានលើកឡើងថា ច្រកចេញចូលតែមួយ គឺជា កន្លែងបណ្តុំនៃការផ្តល់សេវាសាធារណៈដែលមានគ្រប់ជំនាញរបស់មន្ទីរអង្គភាពទាំងអស់បានមកប្រមូលផ្តុំក្នុងការបម្រើសេវាសាធារណជូនប្រជាពលរដ្ឋតាមតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយ ​គុណភាព​ ប្រសិទ្ធភាព​ តម្លាភាព​ គណនេយ្យភាព​ ឆ្លើយតប​តាម​តម្រូវការរបស់ប្រជាពលរដ្ឋយើង ដោយត្រូវឈរលើគោលការណ៍ ធ្វើឱ្យបាន  ធ្វើឱ្យលឿន និង ធ្វើឱ្យមានតម្លាភាព គ្មានអំពើពុករលួយគឺសេវាឈរលើគោលការណ៍បានកំណត់។

ឯកឧត្តម ​គួច ចំរើន បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨យើងបានបង្កើតអង្គភាព និង ការិយាល័យច្រកចេញចូលតែមួយបានចំនួន៣ទីតាំងគឺរដ្ឋបាលខេត្ត ក្រុងកំពង់ចាម និងស្រុកជើងព្រៃ។ នៅឆ្នាំ២០១៩ និងបង្កើត៣ស្រុក និងដាក់ដំណើរការហើយនៅដើម ឆ្នាំ២០២១ និងមានការិយាល័យច្រក ចេញចូលតែមួយគ្រប់ក្រុងស្រុក ទាំងអស់របស់ ខេត្តកំពង់ចាម ដើម្បីបម្រើសេវាសាធារណៈឱ្យនៅជិតកៀកលំនៅឋានរបស់ប្រជាពលរដ្ឋ មកទទួលបានសេវា និងផ្តល់សេវាឈរលើគោលការណ៍ ធ្វើបាន ធ្វើឱ្យលឿន ប្រកបដោយតម្លាភាព ទប់ស្កាតអំពើពុករលួយនិងលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ៕

ដោយ ឆាយ ម៉ុត