ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទិវាជាតិទីក្រុងស្អាតលើកទី៧ នឹងប្រារព្ធធ្វើឡើងនៅចុងខែកុម្ភៈនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — ទិវាជាតិទីក្រុងស្អាតលើកទី៧ នឹងប្រារព្ធធ្វើឡើងនៅចុងខែកុម្ភៈនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដើ​ម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែ ច្រើនឡើងថែមទៀត។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីត្រៀមរៀបចំ ទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទទីក្រុងស្អាត  “ទីក្រុងផ្តល់ភាពកក់ក្តៅ” នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងទេសចរណ៍ថា ទិវាជាតិទីក្រុងស្អាត លើកទី៧នេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉េស៊ី ដង់សុខាភ្នំពេញ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ទិវានេះរៀបចំឡើងក្នុងគោលបំណងជំរុញទីក្រុងទាំងអស់ ឱ្យបង្កើនការប្រគួត​ប្រជែង​គ្នាផ្នែកអនាម័យ បរិស្ថាន  ផ្នែកសន្តិសុខ និងគំនិតច្នៃ ប្រឌិតទាក់ ទាញភ្ញៀវទេសចរ។ ឯកឧត្តមបន្តថា ក្នុងកម្មវិធីនេះដែរ នឹងមានការប្រគល់ជ័យលាភី “ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃ​​តង​​​ក្នុ​ង​វិ​ស័​យ​ទេសចរណ៍” លើកទី៣ , ​ជ័យលាភី “ទីក្រុង​ដែលមានពិធីបុណ្យ​ចូលឆ្នាំ​សកលល្អជាងគេប្រចាំឆ្នាំ២០១៨ និង ប្រគល់ជ័យ​លាភី​​ “បង្គន់សាធារណៈ​កម្ពុជា” លើកទី១។

ឯកឧត្តម ណេប សមុត អគ្គលេខាធិកា នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុង ស្អាតបានប្រាប់អ្ន​កសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា       នៅក្នុងទិវាជាតិទីក្រុង ស្អាតលើក ទី៧ក្រសួងទេសចរណ៍ ត្រៀមប្រកាសឱ្យមានប្រព័ន្ធចំណាត់ថ្នាក់វិថីម្ហូបអាហារតាមដងផ្លូវ និងសេវាកម្មរបស់តូបលក់ម្ហូប​អាហារតាមដងផ្លូវ ដើម្បីជំរុញបង្កើនប្រសិទ្ធភាព សេវកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦លាន ២សែននាក់ ក្នុងនោះភ្ញៀវទេសចរចិនឈរក្នុងលំដាប់ថ្នាក់ទី១ មានប្រមាណ២លាននាក់ ហើយតាមការព្យាករណ៍កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាន ៥សែននាក់នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារអាម៉េរិក បង្កើតនូវឱកាសការងារដោយផ្ទាល់ជូនប្រជាជនកម្ពុជាប្រមាណ ១លាននាក់៕

ដោយ ប៉ាល់ សុង