ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តកំពង់ឆ្នាំងដំឡើងខ្លោងទ្វាររបាកាត់ទទឹងផ្លូវជាតិលេខ៥ ដើម្បីលម្អ​សោភណភាពតាមដងផ្លូវត្រៀមអបអរបុណ្យទន្លេ

AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — អាជ្ញាធរខេត្តកំពង់ឆ្នាំងបានដំឡើងខ្លោងទ្វាររបាកាត់ទទឹងផ្លូវជាតិលេខ៥ ដើម្បីលម្អសោភណ ភាពតាមដងផ្លូវត្រៀមអបអរបុណ្យទន្លេលើកទី៥ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា បុណ្យទន្លេឆ្នាំនេះប្រារព្ធក្រោមប្រធានបទ ”ទន្លេ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍”។ រហូតមកដល់ថ្ងៃទី១១កុម្ភៈនេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំងក៏បានខិតខំរៀបចំកន្លែងកម្សាន្តនានា នៅក្នុងក្រុងកំពង់ឆ្នាំង ហើយបាននិង កំពុង រៀបចំរមណីយដ្ឋានទេសចរណ៍នានា នៅជុំវិញខេត្ត។ ជាមួយគ្នានេះ អាជ្ញាធរបានរៀបចំ កែសម្រួលសួនដំរីស រៀបចំសួន និងរូបសំណាករឹទ្ធិសែន នាងកង្រីថ្មី នៅជាប់វិមានឯករាជ្យ ជួសជុលវេទិកាខេត្ត នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំសួនច្បារថ្មី នៅជិតស៊ីម៉ាក់ខេត្ត រៀបចំរង្វង់មូលថ្មី នៅជិតក្រុមហ៊ុនអានកូ ជួសជុលទីតាំងកីឡដ្ឋានខេត្ត ជិតវត្តធម្មយុត្តិ ព្រមទាំងសង់វេទិកាថ្មីនៅទីនោះ រៀបចំបន្ទប់ទឹក របង។ល។ ចំណែកឯ សួន​ច្បារមាត់ទន្លេផ្សារក្រោម អាជ្ញាធរបានដាំដើមផ្កាឈូករ័ត្ន រៀបចំខ្លោងទ្វាររូបសំណាកឆ្នាំង កាត់ទទឹងផ្លូវជាតិលេខ៥ រៀបចំខ្លោងទ្វារជាច្រើនកន្លែង ទាំងនៅតាមផ្លូវជាតិលេខ៥ និងផ្លូវ​សំខាន់ៗនានា។ ទន្ទឹមនេះ រៀបចំក្រាលការ៉ូឡា ក្នុងក្រុងកំពង់ឆ្នាំង ដាំដើមឈើធំ តូច រាប់រយដើម នៅក្នុងក្រុង តាមបណ្ដោយផ្លូវសំខាន់ៗ និងមុខអង្គភាពរដ្ឋនានា រៀបចំភ្លើង​បំភ្លឺតាមសួនច្បារ ដើមឈើ តាមរបង និងអគាររដ្ឋនានា។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា ពិធីបុណ្យទន្លេ​លើកទី៥ នៅខេត្តកំពង់ឆ្នាំង ខាងមុខនេះ គឺជាឱកាសដ៏ធំមួយក្នុងការរៀបចំ​តាំងពិព័រណ៍​ផលិតផលក្នុងស្រុក ពិសេសផលិតផលកសិកម្ម សិប្បកម្ម និងទេសចរណ៍។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត​កំពង់ឆ្នាំងបានខិតខំបញ្ចប់ការងារមួយចំនួន ខណៈការ​ងារដែលនៅសេសសល់ទាំងប៉ុន្មាន ក្រុមការងារអន្តរក្រសួងកំពុងបន្តអនុវត្តន៍ជារៀងរាល់ថ្ងៃ សំដៅធ្វើយ៉ាងណាឱ្យខេត្តកំពង់ឆ្នាំង មានសោភណភាព ប្រកបដោយភាពទាក់ទាញ មាន​សន្តិសុខ សណ្ដាប់ធ្លាប់ល្អ និងផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

ដោយ គង់ សិរីរ័ត្ន