ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកអគ្គរដ្ឋទូតឥណ្ឌា ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងឈ្វេងយល់ពី សក្តានុពលវិនិយោគទេសចរណ៍ និងស្នើសុំការចូលចតនាវាកងទ័ពជើងទឹកនៅ ខេត្តព្រះសីហនុ។

លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ ជម្រាបជូនអភិបាលខេត្តព្រះសីហនុថា នៅចុងខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នាវាកងទ័ពជើងទឹកឥណ្ឌា មានគម្រោងចូលចតធ្វើទស្សន កិច្ចនៅព្រះរាជាណា ចក្រកម្ពុជា ពិសេសការចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ កាលពីឆ្នាំ២០១៧ នាវាកងទ័ពជើងទឹកឥណ្ឌាមួយគ្រឿង បានចូលចតធ្វើទស្សនកិច្ចនៅកម្ពុជា ប្រកបដោយសុវត្ថភាព។

លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាបានបន្តថា ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្តូរគណ:ប្រតិភូ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេស ឥណ្ឌាកាលពីឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា IT វិស័យការពារជាតិ (កងកម្លាំងរក្សាសន្តិសុខ អង្គការសហប្រជាជាតិ) ឥណ្ឌា និងកម្ពុជាមានកិច្ច សហប្រតិបត្តិការទំនាក់ទំនងល្អ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអាស៊ាន លើគម្រោង អភិវឌ្ឍន៍មេគង់ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងមួយឆ្នាំឥណ្ឌាជួយបណ្តុះ បណ្តាលធនធានមនុស្សរបស់កម្ពុជាចំនួន ១៥០នាក់ ហើយឆ្នាំ២០១៩នេះ បន្ថែម ២៩នាក់ទៀត ក្នុងនោះក៏មានវិស័យការពារជាតិ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែកកងទ័ពជើងទឹក ផ្តោតសំខាន់លើបច្ចេកទេសដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។
លោកជំទាវបានបន្តថា ឆ្នាំ២០១៨កន្លងមក មានរដ្ឋមន្តី្រក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសឥណ្ឌាបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដែលមានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខាផងដែរ។ ក្នុងដំណើរ ទស្សនកិច្ចនៅខេត្តព្រះសីហនុ លោកជំទាវមានគម្រោងទៅទស្សនា កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀតក្នុងខេត្ត។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា ដែលស្នើសុំការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌា នៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខនេះ កន្លងមកឯកឧត្តម ក៏ធ្លាប់បានចូលរួមអបអរសាទរ នៃការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌានៅកំពង់ផែក្រុងព្រះសីហនុ ២ដងរួចមកហើយ។ ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ជាបងប្អូននឹងគ្នា ដូចមាននៅក្នុងរឿង (នគរគោកធ្លក)។ ដោយសារកម្ពុជាមានសង្គ្រាមផ្ទៃក្នុង ប្រទេសឥណ្ឌា បានចូលរួមក្នុងការសម្រប សម្រួលជាអន្តរជាតិ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព សេរីភាព ពេញបរិបូណ៍ លើផ្ទៃប្រទេស ប្រទេសមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការអភិវឌ្ឍយ៉ាងគំហុកនៅ ខេត្តព្រះសីហនុ ឆ្នាំ២០១៨ មានសំណង់អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ធំៗប្រមាណជា២០០ កំពង់កើតឡើងជាបន្តបន្ទាប់។


ឯកឧត្តមបន្តថា ប្រទេសឥណ្ឌាមានធនធានមនុស្សខាងបច្ចេក វិទ្យា IT វិទ្យា សាស្ត្រ (វិស័យសុខាភិបាល) ឥណ្ឌាបានជួយបណ្តុះបណ្តាលវិស័យយោធា ផ្នែក ដោះមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពិសេសទៀតជួយជួសជុសប្រាសាទអង្គវត្ត នៅខេត្តសៀមរាប ។

ឯកឧត្តមបន្តថា ខេត្តព្រះសីហនុជាតារារះនាទិសនារតី នៃព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែឯកឧត្តមមានការសោកស្តាយ ដោយមិនមានក្រុមហ៊ុនវិនិយោគឥណ្ឌា មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ខណ:ដែលក្រុមហ៊ុនជាច្រើនបាន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ក្នុងចំណោមក្រុមហ៊ុនបរទេសមកពី ១៧ប្រទេស ភាគច្រើន គឺជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន។ ក្នុងឱកាសនោះឯកឧត្តម យន្ត មីន ក៏បានសំណូមពរដល់លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានកោះ ឆ្នេរសមុទ្រ តំបន់កសិកម្ម ឧស្សាសហកម្ម និងទេសចរណ៍ដល់ប្រជាពលរដ្ឋ និងវិនិយោគិនឥណ្ឌា មកធ្វើការ វិនិយោគនៅខេត្តព្រះសីហនុ អាជ្ញាធរនឹងជួយសម្រួល អនុគ្រោះបង្កឱកាសគ្រប់បែបយ៉ាងដល់អ្នកទេសចរ និងវិនិយោគឥណ្ឌា។ សូមរម្លឹកថា នៅឆ្នាំ២០១៧ មានអ្នកទេសចរឥណ្ឌា មកកម្សាន្តខេត្តព្រះសីហនុចំនួន ១.០២៥នាក់ ឆ្នាំ២០១៨មានចំនួន២.៥៧៨នាក់ និងឆ្នាំ២០១៩ នឹងមានការកើន ឡើងបន្ថែមទៀត៕

ដោយ ងូ សុមុនី