ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងកិច្ចការនារីត្រៀមសារអប់រំ និងបង្កើតកម្មវិធីផ្ដល់ឱវាទ ឬដំបូន្មានដល់យុវជន យុវនារី តាមរយៈព្រះសង្ឃ សម្រាប់ទិវាបុណ្យនៃក្ដីស្រឡាញ់

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងកិច្ចការនារីបានត្រៀមសារអប់រំមួយចំនួន និងបង្កើតកម្មវិធីអប់រំបែបព្រះពុទ្ធសាសនា តាមរយៈព្រះសង្ឃក្នុងការផ្ដល់ឱវាទ ឬដំបូន្មានដល់យុវជន យុវនារីឱ្យស្គាល់ពីតម្លៃ និងសេចក្ដី ថ្លៃថ្នូរ ក្នុងការប្រតិបត្តិទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ នាទិវាបុណ្យនៃសេចក្ដី ស្រឡាញ់​ខាងមុខ។

លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានប្រាប់ទីភ្នាក់ងារសារព័ត៌ មាន​កម្ពុជាAKP ឱ្យដឹងនារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្រសួងកំពុងតែរៀបចំ សារអប់រំខ្លីៗ ដើម្បីផ្សព្វផ្សាយជូនដល់យុវជន យុវនារីឱ្យយល់ដឹងកាន់តែច្បាស់អំពី​ទិវាបុណ្យ នៃក្ដីស្រឡាញ់នៅថ្ងៃទី១៤កុម្ភៈខាងមុខនេះ ក្នុងការចូលរួមលើកកម្ពស់តម្លៃស្រ្ដី សីលធម៌​សង្គម និងគ្រួសារខ្មែរ ជាពិសេសបញ្ជា្របចំណេះដឹងដល់សិស្សានុសិស្ស យុវជន យុវនារី​អំពីបុណ្យនៃក្ដីស្រឡាញ់។ លោកជំទាវបានបន្ដថា ការផ្ញើសារអប់រំនេះ គឺដើម្បីជួយ​ពញាក់​អារម្មណ៍ដល់សិស្ស និស្សិត យុវជន យុវនារីនៅតាមសាលារៀន និងតាម​គ្រឹះស្ថានសិក្សា នានា ក្នុងការ​យកថ្ងៃ១៤កុម្ភៈនេះ ទៅប្រព្រឹត្ដអំពើមិនគប្បី ឬធ្វើខុសឆ្លងនឹងប្រពៃណី ទំនៀម​ទម្លាប់របស់ខ្មែរ។ លោកជំទាវបានលើកឡើងទៀតថា ក្នុងនាមជាគណៈកម្មាធិការជាតិ លើក​កម្ពស់សីលធម៌សង្គម តម្លៃស្រ្ដី និងគ្រួសារខ្មែរ ដែលមានក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៦ ដែលក្រសួង ស្ថាប័ននីមួយៗ នឹងរៀបចំទៅតាមតួនាទីរៀងៗខ្លួន ជាពិសេសក្រសួង ស្ថាប័ន​ទាំងអស់ នឹងរៀបចំកម្មវិធីទិវានារីអន្ដរជាតិ៨មីនា នៅចំថ្ងៃទី១៤ កុម្ភៈខាងមុខ ដែលជា​ឱកាសមួយក្នុងការចូលរួមផ្សព្វផ្សាយអប់រំឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕

ដោយ អ៊ុន រិទ្ធី