ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាម៉េរិក និងកូរ៉េខាងជើង​នឹងធ្វើកិច្ចប្រជុំថ្មីមួយនៅមុនជំនួបកំពូល នៅក្នុងប្រទេសអាស៊ី​ នាសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា អាម៉េរិក និង​កូរ៉េខាងជើង គ្រោងនឹងធ្វើកិច្ចប្រជុំ ជុំថ្មីមួយ​នៃកិច្ចចរចានៅក្នុងប្រទេសអាស៊ីលើកទីបីមួយនាសប្តាហ៍ក្រោយនេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលលើកទី២ របស់ពួកគេ។

អ្នកនាំពាក្យប្រធានាធិបតីលោក Kim Eui-kyeom បាននិយាយថា ប្រធានាធិបតីលោក មូន ចេ-អ៊ិន​និងប្រធានាធិបតីអាម៉េរិក​លោក ដូណាល់ ត្រាំ ​គ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នានា​ពេលឆាប់ៗនេះផងដែរ អំពីកិច្ចប្រជុំនាពេលឆាប់ៗខាងមុខនេះរបស់លោក ត្រាំ ជាមួយមេដឹក​នាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន​ ដែលបានគ្រោងនៅថ្ងៃទី​២៧-២៨​ នៅក្នុងរដ្ឋាធានី​ហាណូយ​​​នៃប្រទេសវៀតណាម​នោះ។

មេដឹកនាំទាំងពីរបានគ្រោងនឹងជជែកគ្នាតាមរយៈទូរស័ព្ទ​។ លោក គីម ​បាននិយាយថា យើងនឹងប្រកាសលម្អិតពីការរៀបចំនេះតាមដែលអាចធ្វើទៅបាន​ពីការបញ្ចប់នេះ។

បេសកជនពិសេសអាម៉េរិកទទួលបន្ទុកកូរ៉េខាងជើង លោក ស្តេបហ្វេន ប៊ីហ្កាន​ បានធ្វើ​ជា​ជុំទី១ នៅមុនកិច្ចពិគ្រោះយបល់កិច្ចប្រជុំកំពូល​ជាមួយសមភាគីកូរ៉េខាងជើងរបស់លោក​លោក គីម អ៊ីអុក-ចុល​ ក្នុងអំឡុងដំណើរទស្សនកិច្ចចំនួនបីថ្ងៃរបស់លោក ទៅកាន់ទីក្រុង​ព្យុងយ៉ាង​​ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រ។​

សេចក្តីលម្អិតនៃកិច្ចពិគ្រោះយោបល់នេះ មិនត្រូវបានទទួលបាននៅឡើយទេ ប៉ុន្តែ​ភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងជួបប្រជុំគ្នាម្តងទៀត​នៅមុនកិច្ចប្រជុំកំពូលលើកទី២។

លោក គីម បាននិយាយថា ជុំថ្មីនៃកិច្ចចរចានេះ នឹងត្រូវធ្វើឡើងនាពេលណាមួយ នៅក្នុងសប្តាហ៍បន្ទាប់នេះ​នាថ្ងៃទី១៧ ខែកុម្ភៈ នៅក្នុងប្រទេសទីបីមួយ នៅក្នុងតំបន់អាស៊ី។ អ្នកនាំពាក្យមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីរឿងនេះនោះទេ។

លោក ប៊ីហ្កាន បានវិលត្រឡប់ទៅកាន់ទីក្រុងសេអ៊ូលវិញ​កាលពីយប់ថ្ងៃសុក្រ​ ហើយធ្វើ​កិច្ចប្រជុំជាបន្តបន្ទាប់មួយ ជាមួយពួកមន្រ្តីកូរ៉េខាងត្បូង​កាលពីថ្ងៃសៅរ៍  ដោយរួមមានលោក ជុង អ៊ី-យ៉ុង ​ប្រធានការិយាល័យសន្តិសុខជាតិប្រធានាធិបតី។ បេសកជនអាម៉េរិករូបនេះ បានចាកចេញទៅកាន់អាម៉េរិកវិញកាលពីថ្ងៃអាទិត្យ។

លោក គីម បានគេដកស្រង់សម្តីលោក យ៉ុង ដែលនិយាយថា កិច្ចចរចាអាម៉េរិក-កូរ៉េខាងជើងគឺកំពុងមានដំណើរការល្អ នៅក្នុងគោលដៅដ៏ទូលំទូលាយមួយ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )