ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមចង់បង្កើនទំនាក់ទំនងជាមួយអាល្លឺម៉ង់

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩​​ — វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ អាល្លឺម៉ង់ ដែលជាដៃគូឈានមុខគេរបស់ខ្លួនក្នុងសហភាពអឺរ៉ុបស្ទើរតែគ្រប់វិស័យទាំងអស់។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅអាល្លឺម៉ង់ លោកNguyen Minh Vu នៅពេលដែលលោកចូលរួមប្រគល់លិខិតជូនពរដល់ប្រធានាធិបតីអាល្លឺម៉ង់ លោក Franz-Walter Steinmeier នៅវិមាន Bellevue ក្នុងទីក្រុងប៊ែរឡាំងកាលពីថ្ងៃទី ៨ ខែកុម្ភៈ។

លោកបាននិយាយថា លោកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីជួយជំរុញទំនាក់ទំនងទ្វេភាគីឱ្យមានកម្រិតខ្ពស់នៃកិច្ចអភិវឌ្ឍន៍ដែលបម្រើដល់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានាធិបតីអាល្លឺម៉ង់ លោក Franz-Walter Steinmeier បានរំឭកឡើងវិញអំពីការចងចាំរបស់លោកនូវដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីលើកមុន ដោយលោកបាននិយាយថា លោកមានការស្ងើចសរសើរចំពោះកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសមិទ្ធិផលការទូតរបស់ប្រទេសវៀតណាមក្រោយពីការស្តារឡើងវិញជាង ៣០ឆ្នាំ។

លោកបានសម្តែងនូវក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីរូបនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ពង្រឹង និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្ររវាងអាល្លឺម៉ង់ និងវៀតណាម។ ប្រទេសអាល្លឺម៉ង់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ ៤ នៅលើពិភពលោក និងមានប្រជាជនវៀតណាមរស់នៅប្រមាណ ១៧០.០០០នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)