ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្រេចបានកិច្ចព្រមព្រៀងដ៏ទូលំទូលាយក្នុងកិច្ចប្រជុំក្រុងមូស្គូ ស្តីពីអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩  — ដោយដកស្រង់សេចក្តីប្រកាសរួមមួយ ដែលផ្សាយដោយពួកអ្នកតំណាងតាលីបង់និងពួកអ្នកនយោបាយអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃពុធនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ​Tolo News TV  រាយការណ៍ពីថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រជុំសន្តិភាពមួយរយៈពេល២ថ្ងៃ នៅក្រុងមូស្គូ បានអំពាវនាវឱ្យមានការដកទាំងស្រុងកងកម្លាំងដឹកនាំដោយអាម៉េរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាផែនការមួយដែលពួកតាលីបង់បាននិយាយថា នឹងរៀបចំផ្លូវសម្រាប់ការធានាឱ្យមានសន្តិភាពយូរអង្វែងនៅក្នុងប្រទេសនេះ ។

តាមសេចក្តីរាយការណ៍នោះឱ្យដឹងថា គណបក្សនយោបាយអាហ្វហ្គានីស្ថានសំខាន់ៗមួយចំនួន ព្រមទាំងពួកអ្នកនយោបាយ ហើយនិងគណៈប្រតិភូមួយមកពីការិយាល័យនយោបាយតាលីបង់មានមូលដ្ឋាននៅប្រទេសកាតា បានចូលរួមកិច្ចប្រជុំសន្តិភាពពីរថ្ងៃនេះ ដែលបានបញ្ចប់កាលពីយប់ថ្ងៃពុធ ។

កិច្ចប្រជុំនេះបានធ្វើឡើងដោយគ្មានវត្តមានពួកមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានទេ ព្រោះកិច្ចចរចានេះ ត្រូវបានធ្វើគេឡើងដោយសមាគមអាហ្វហ្គានីស្ថាន មានមូលដ្ឋាននៅរុស្ស៊ី ។

ពួកអ្នកចូលរួមបានព្រមព្រៀងគ្នាលើកិច្ចការពារសិទ្ធិសង្គម, សេដ្ឋកិច្ច , នយោបាយនិងអប់រំរបស់ស្ត្រី ព្រមទាំងសេរីភាព នៃការនិយាយស្របទៅតាមគោលការណ៍អ៊ិស្លាម​នឹងកិច្ចប្រឹងប្រែងអូសទាញជំនួយអន្តរជាតិ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះឡើងវិញ ។

ដើម្បីជំរុញការសន្ទនាគ្នាក្នុងរង្វង់អាហ្វហ្គានីស្ថានមួយ ក្នុងការស្វែងរកដំណោះស្រាយនយោបាយ ចំពោះជម្លោះដែលកំពុងប្រព្រឹត្តិទៅនោះ កិច្ចប្រជុំនេះបានគូសបញ្ជាក់នូវសេចក្តីប្រកាសមួយមាន ៩ ចំណុច ដែលតាមសេចក្តីប្រកាសនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាជាឯកច្ឆន្ទ ធ្វើកិច្ចចរចានាពេលខាងមុខឱ្យបានឆាប់នៅក្នុងប្រទេសកាតា ជាកន្លែងដែលការិយាល័យនយោបាយរបស់ពួកតាលីបង់តាំងនៅ ។

រដ្ឋាភិបាលអាហ្វហ្គានីស្ថានរហូតមកដល់ពេលនេះ មិនមានប្រតិកម្មចំពោះលទ្ធផលនៃកិច្ចប្រជុំនេះទេ ប៉ុន្តែកាលពីដើមសប្តាហ៍នេះប្រធានាធិបតីលោក អាស្រាហ្វហ្គានី ( Ashraf Ghani )  បាននិយាយថា​ ពួកអ្នកនយោបាយដែលចូលរួមក្នុងកិច្ចចរចាក្រុងមូស្គូ គ្មានអំណាចនិតិប្រតិបត្តិណាមួយទេ នឹងមិនមែន តំណាងជាផ្លូវការរបស់ប្រទេសនេះឡើយ ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយជារឿយៗថា ខ្លួនគាំទ្រកិច្ចប្រឹងប្រែងសន្តិភាពណាមួយនៅកន្លែងណាមួយក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬនៅបរទេស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )