ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងត្បូងស្វាគមន៍ចំពោះកិច្ចប្រជុំកំពូលលើកទីពីរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — ការិយាល័យប្រធានាធិបតីរបស់កូរ៉េខាងត្បូងបានស្វាគមន៍ ចំពោះសេចក្តីប្រកាសដោយទីក្រុង វ៉ាស៊ីនតោនដោយបានបញ្ជាក់អំពីកិច្ចប្រជុំកំពូលលើកទីពីររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom បាននិយាយកាលពីថ្ងៃទី ៦ ខែកុម្ភៈ ថា កូរ៉េខាងត្បូងសង្ឃឹមថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចធ្វើឱ្យមានជំហានឆ្ពោះទៅមុខប្រកបដោយនិរន្តភាពនៅក្នុងប្រទេសវៀតណាម។

លោក Kim បាននិយាយថា «យើងសង្ឃឹមថា វៀតណាមនឹងក្លាយជាកន្លែងដ៏អស្ចារ្យមួយសម្រាប់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មី»។ នៅមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសនៅក្នុងសុន្ទរកថារបស់លោកនៅរដ្ឋសភាថា លោកនឹងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ នៅប្រទេសវៀតណាមសម្រាប់កិច្ចចរចាលើកទី២ របស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trump មិនបានបង្ហាញអំពីទីក្រុងណានៃប្រទេសវៀតណាមដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះទេ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឆ្លើយតបទៅនឹងសំណួរមួយចំពោះមតិយោបល់របស់វៀតណាមស្តីពីការកត់សម្គាល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថា «វៀតណាមសូមស្វាគមន៍ចំពោះជំនួបកំពូលលើកទី២ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាង-ជើង ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះការសន្ទនាដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ»។

លោកស្រីបានសន្និដ្ឋានថា វៀតណាមបានត្រៀមខ្លួនចូលរួម និងសហការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវភាពជោគជ័យសម្រាប់កិច្ចប្រជុំកំពូលលើកទី ២ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលអាចជួយសម្រេចបានតាមគោលដៅខាងលើ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)