ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ខេត្តសៀមរាប ធ្វើពិធីឡើងអ្នកតាតាមទំនៀមទម្លាប់តាំងតែពីបុរាណមក

AKP សៀមរាប ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩–

ទោះបីប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកវិទ្យាសាស្ត្រទំនើបៗយ៉ាងខ្លាំងក៍ដោយ ប៉ុន្តែជំនឿនៅតែជារឿងសំខាន់បំផុតក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរដ៍ដែល។ ប្រជាពលរដ្ឋនៅតំបន់អង្គរ នៅតែរក្សាទំនៀមបុណ្យប្រពៃណីទៅតាមរដូវកាលយ៉ាងខ្ជាប់ខ្ជួន ដូចជាពិធីបុណ្យឡើងអ្នកតា ដែលត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខាន។

ជាក់ស្តែងនៅថ្ងៃ៣កើត ខែមាឃ ត្រូវថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រជាជនដែលរស់នៅជុំវិញប្រាសាទអង្គរវត្ត បានរួមគ្នារៀបចំពិធីឡើងលោកតារាជ្យទៅតាមទម្លាប់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន រួមទាំងចូលរួមថែរក្សាជំនឿវប្បធម៌ខ្មែរឱ្យនៅរស់លើទឹកដីដ៏ស័ក្តិសិទ្ធិនេះ។ចំពោះការរៀបចំគ្រឿងរណ្តាប់នៅក្នុងពិធីនេះ មានស្លាធម៌ បាយសី ជម៤ គ្រឿងសំណែនមាន់ស្ងោរ ក្បាលជ្រូក បាយសម្លរ បង្អែមចម្អាប ផ្លែឈើ ភ្ញីផ្កា ស្រាស ទឹកក្រូចជាដើម ពិសេសគឺនំបញ្ចុកតែម្តងដែលធ្វើសម្រាប់ចែកជូនអ្នកចូលរួមពិសារ។ ពិធីនេះកើតឡើងពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋគ្រប់គ្នាដែលស្រឡាញ់វប្បធម៌ជាតិ និងជំនឿដែលមានតាំងពីបុរាណ។
ក្នុងពិធីនេះអ្វីដែលពិសេសដើម្បីអោយមនុស្ស និងអ្នកតាអាចប្រាស្រ័យទាក់ទងគ្នាបានផង និងញ៉ាំងពិធីធ្វើកាន់តែអធិកអធមសប្បាយរីករាយផងនោះ គឺវង់តន្រ្តីបុរាណខ្មែរ និងអ្នកចូលរូបដែលស្នងឱ្យអ្នកតាថែរក្សានៅទីស័ក្តិសិទ្ធិទាំងនោះ ដែលមិនអាចខ្វះបានឡើយ។កិច្ចពិធីបានចាប់ផ្តើមដោយការសូត្រនមស្សការ រឭកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាកហ៊ោ បួងសួងដល់វត្ថុស័ក្តសិទ្ធិ អញ្ជើញដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដីឱ្យចូលមកកាន់ទីកន្លែងដែលអ្នកភូមិបានរៀបចំជូន។
លោកយាយ ឡយ វ៉ាត ជាប្រជាពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលបានចូលរួមរៀបចំពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្តបានឱ្យដឹងថា ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ គាត់ និងអ្នកភូមិជុំវិញអង្គរ តែងតែជួបជុំប្រមូលថវិកាគ្នាតិចតួចដើម្បីធ្វើពិធីឡើងមា ឃឬឡើងតារាជ្យមិនដែលខានទេ ព្រោះនេះជាទម្លាប់ពីបរមបុរាណ ហើយចាស់ៗក៏បានផ្តែផ្តាំកុំអោយបំភ្លេច ទើបពួកគាត់ខំធ្វើទោះបីមានលុយ ឬអត់លុយក៏ដោយ។ ម្យ៉ាងពេលធ្វើហើយ កូនចៅក៏បានសុខសប្បាយ រកស៊ីមានបាន សំខាន់យើងបានថែរក្សាបុណ្យពីបុរាណយើងឱ្យនៅស្ថិតស្ថេរតកូនតចៅ។

លោកយាយបានពន្យល់ថា ប្រាសាទអង្គរមិនត្រឹមតែជាកន្លែងសម្រាប់ទេសចរទស្សនាកម្សាន្តទេ តែជាកន្លែងដ៏ស័ក្តិសិទ្ធិក្នុងការគោរពបូជារបស់ប្រជាជនខ្មែរ ហើយលោកយាយ និងអ្នកភូមិប្ដេជ្ញាបន្តធ្វើពិធីនេះ និងណែនាំអោយកូនចៅជំនាន់ក្រោយទៀត ត្រូវតែធ្វើពិធីបន្តទៅទៀតជារៀងរាល់ឆ្នាំជារៀងរហូត ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរយើងឱ្យរស់រវើកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងផ្នត់គំនិតកូនខ្មែរនៅលើទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះផងដែរ៕

ដោយ ឃុត សៅ