ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហរដ្ឋអាមេរិក ផ្ដល់ថវិកាចំនួន១៧លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម ទឹកសាបនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — សហរដ្ឋអាមេរិក បានផ្ដល់ថវិកាចំនួន១៧លានដុល្លារអាម៉េរិក ដល់កម្ពុជា ដើម្បីអនុវត្ដន៍​គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា និងធានានូវនិរន្តភាព ផលិត​ផលត្រីទឹកសាបនៅកម្ពុជា ព្រមទាំងបង្កើននូវគុណភាព និងស្តង់ដារផលិតផលត្រី។ នេះបើយោងតាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីប្រកាសបើកការអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្ម (CAST) នៅប្រទេសកម្ពុជា នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ​កាំបូឌី យ៉ាណា លោក Michael Newbill តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​បាន​បញ្ជាក់​ថា គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្ម ហៅកាត់ថា(CAST) ជាគម្រោង​ដ៏សារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍អនុវិស័យជលផលនៅកម្ពុជា ជាពិសេស​លើការ​អភិវឌ្ឍ​បច្ចេកទេស និងបច្ចេកវិទ្យាវារីវប្បកម្ម ដើម្បីធានានូវនិរន្តភាពផលិតផល​ជល​ផលនៅកម្ពុជា និងបង្កើននូវគុណភាព និងស្តង់ដារផលិតផលត្រី។

លោកបានបន្ដថា គម្រោង CAST ក៏នឹង​ជួយដល់ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក​ផងដែរ។ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រ សាសន៍អំណរគុណដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែលបានគាំទ្រ និងចូលរួមដល់ការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈ​គម្រោងនេះ​បានបង្ហាញពីជំហររបស់សហរដ្ឋអាមេរិក ក្នុង ការគាំទ្រដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដែលដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែករក្សានូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ធានាសមធម៌ សន្តិសុខ​ស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា វិស័យវារី វប្ប​កម្ម​នៅកម្ពុជាកំពុងផ្តល់នូវសញ្ញានៃការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយឡែកវិស័យនេះ ក៏មានការប្រឈមជាច្រើនដូចជា គុណភាពកូនត្រីពូជមិនទាន់ឆ្លើយតបតាមតម្រូវការ កង្វះ ខាតនូវការទទួលបានបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ តម្រូវការអនាម័យ និងស្តង់ដារភូតគាម អនាម័យ និងស្ថានភាពទីផ្សារដែលភ្ជាប់រវាងទីផ្សារក្នុងស្រុក និងអន្តរជាតិក៏នៅមានកម្រិត។

ឯកឧត្តមរដ្ឋមន្រ្ដីបានចាត់ទុកថា គម្រោង CAST Cambodia នេះពិតជាចាំបាច់ និងឆ្លើយតបទាន់ពេលវេលា ដើម្បីសម្រេចបានតាមគោលដៅនៃការសម្របសម្រួលផ្គត់​ផ្គង់ត្រី បានទាំងបរិមាណ មានគុណភាពខ្ពស់ និងតម្លៃល្អប្រសើរនៅប្រទេសកម្ពុជាក្នុងបរិបទ នៃ​សាកលភាវូបនីយកម្ម។ ឯកឧត្តម​ក៏បានស្នើអង្គភាពជំនាញបង្កើនសមត្ថភាពបច្ចេកទេស​វារីវប្បកម្មដល់​មន្រ្តី​ជលផល និង​ប្រជាពលរដ្ឋទូទៅក្នុងខេត្តគោលដៅនៃគម្រោងឱ្យបាន​កាន់​តែ​ប្រសើរ និងជួយ​ផ្សព្វផ្សាយ​ទៅដល់វារីវប្បករនៃខេត្តផ្សេងៗឱ្យបានទូលំទូលាយថែម​ទៀត​ដើម្បីបង្កើនសក្តានុពល នៃផលិតផលជលផលទាំងបរិមាណ គុណភាព និងកាត់បន្ថយការ​នាំចូល។

ឯកឧត្តមបានអះអាងថា ស្ថានីយភ្ញាស់កូនត្រីពូជនីមួយៗត្រូវពង្រឹងសមត្ថភាពរបស់ ខ្លួនឡើងវិញ ដើម្បីបង្កាត់ភ្ញាស់កូនត្រីពូជឱ្យបានច្រើន ប្រកបដោយគុណភាពល្អសម្រាប់ ចែក ជូនកសិករ ដើម្បីជំរុញការចិញ្ចឹមផង និងលែងទៅក្នុងធម្មជាតិផង ព្រមទាំងត្រូវលើកទឹកចិត្ត ដល់ផ្នែកឯកជនក្នុងការវិនិយោគបង្កើនស្ថានីយភ្ញាស់កូនត្រីពូជ កសិដ្ឋានចិញ្ចឹមត្រី រោងចក្រ ផលិតចំណីត្រី រោងចក្រកែច្នៃផលផលិតផលជលផលជាដើម។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា នេះ ទទួលបានការគាំទ្រនូវថវិកាចំនួនជាង១៧លានដុល្លារអាម៉េរិក ពីរដ្ឋាភិបាលសហរដ្ឋ អាមេរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅកម្ពុជា នៅក្នុងខេត្តចំនួនប្រាំមួយ​រួមមាន ខេត្តកណ្តាល កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ចាម។ គម្រោងនេះ​ត្រូវបានផ្តល់ឥណទានដោយផ្ទាល់ពីក្រសួងកសិកម្មសហរដ្ឋ​អាមេរិក សម្រាប់ដំណើរការ​កម្ម វិធីស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីវប្បកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈ គម្រោងនេះ នឹងជួយជំរុញដល់ការកំណើនកូនត្រីពូជ និងចំណី ព្រមទាំងពង្រឹងគ្រប់ទំនាក់ ទំនងក្នុងខ្សែច្រវាក់តម្លៃ ពីកន្លែងបង្កាត់ភ្ញាស់ទៅអ្នកផលិត អ្នកទិញ និងអ្នកចែកចាយ។ កម្ពុជានឹងទទួលបានផលប្រយោជន៍ពីការកើនឡើងនូវទំនុកចិត្ត និងឈានទៅទទួលបាននូវ ផលត្រីដែលមានគុណភាពខ្ពស់ និងស្តង់ដារសមរម្យ។ លើសពីនេះ គម្រោងក៏នឹងជួយ សេដ្ឋកិច្ចជាតិកម្ពុជាតាមរយៈការនាំចេញផលត្រីទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុង ​ស្រុក​ប្រកបដោយគុណភាព៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖ក្រសួងកសិកម្ម)