ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជានឹងរៀបចំមហោស្រពវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិត​វិទ្យាលើកទី៥ ដើម្បី បង្ហាញពីបច្ចេកវិទ្យា និងការចាប់អារម្មណ៍លើជំនាញទាំងនេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំមហោស្រពវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា លើកទី៥ (STEM festival) នាពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីផ្ដល់ ឱកាសដល់សិស្ស និសិ្សតបានចូលរួម និងចាប់អារម្មណ៍ងាកមកសិក្សាលើមុខវិជ្ជាទាំងនេះ ឱ្យបានកាន់តែច្រើន។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំមហោស្រពជាតិស្ដីពីវិទ្យាសាស្រ្ដ និងវិស្វកម្មលើកទី៥ នៅកម្ពុជា នារសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា កម្មវិធីមហោស្រពនឹងមានអ្នកចូល រួមប្រមាណ៥.០០០នាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ២១ ដល់ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីផ្ដល់ឱកាសដល់យុវជន សិស្ស និស្សិតកម្ពុជា ក្នុងការ​ចាប់ យកជំនាញសិក្សាពីការចូលរួមពិព័រណ៍នេះ។ ឯកឧត្តមបានបញ្ជាក់ថា មហោ​ស្រពនេះ ក្រសួង នឹងអញ្ជើញសាលាថ្នាក់ឧត្តមសិក្សា ទាំងឯកជន និងរបស់រដ្ឋចូលរួមក្នុង កម្មវិធី មហោស្រព ដើម្បីបង្ហាញស្នាដៃ ពិសេសអញ្ជើញ​គ្រូជំនាញមកចូលរួម សម្រាប់បង្ហាញពី ជំនាញរបស់ គាត់ផងដែរ។ ឯកឧត្តមបានបន្ដថា ដើម្បីឱ្យសិស្សចូលរួមច្រើន ក្រសួងអប់រំ នឹងប្រើប្រាស់ ឡានក្រុង សម្រាប់ដឹកសិស្សពីសាលាផ្សេងៗ ព្រមទាំងមានការផ្សព្វ ផ្សាយនៅតាមសាលា នានា ទូទាំងប្រទេសពីអ្នកស្ម័ត្រចិត្តផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ការផ្សព្វផ្សាយនេះ គឺមានក្រុមអ្នកស្ម័គ្រចិត្ដមក ពី ក្រុមស្ទែមកម្ពុជា ក៏ដូចជាខាងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រក្នុងការសម្រួលដល់អ្នកចូលរួម ហើយ ឃើញថាយុវជនក៏បានចាប់អារម្មណ៍ច្រើនក្នុងការរៀបចំមហោស្រពនេះ។ ទន្ទឹមនេះ ស្ថានទូត អង់គ្លេសប្រចាំនៅកម្ពុជា ក៏នឹងផ្តល់ឡានក្រុងសម្រាប់ដឹកសិស្សនៅតាមខេត្ត ផងដែរ។ ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០១៦ ក្រសួងអប់រំក៏បានបង្ហាញពីគោលនយោបាយស្ដីពីការ បង្រៀនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្ម ហើយបានបង្កើតសាលា​ជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលសាលាជំនាន់ថ្មីមានរហូតដល់១១សាលា ហើយ​ក្រសួងបាន ធ្វើការវិយោគនៅសាលាសាធារណៈ ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលា​តិចណូ និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាដើម។

សូមជម្រាបថា ការរៀបចំSTEM festival ជាសកម្មភាពប្រចាំឆ្នាំលើកទី៥នេះ ក្នុង គោលបំណងជំរុញយុវជនកម្ពុជាឱ្យកាន់តែមានការចាប់អារម្មណ៍ខ្លាំងលើវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងអប់រំ ការសិក្សា ការស្រាវជ្រាវ នវានុវត្តន៍ ការប្រកួត ប្រជែងការងារ អាជីព និងវិជ្ជាជីវៈ ដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា សំដៅចូលរួមធានាបាននូវការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម នឹងគណិតវិទ្យានៅកម្ពុជា ឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ និងសមធម៌សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា។ ទន្ទឹមនេះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម នឹងគណិតវិទ្យា ត្រូវបានប្រទេសនានាទូទាំងពិភពលោក ទទួលស្គាល់ជាទូទៅ នឹងយ៉ាងទូលំ​ទូលាយថាជាវិស័យ/កត្តាគន្លឹះ នឹងកម្លាំងចលករ ដ៏មានសក្តានុពល ជាអាទិភាព និងមាន សារៈសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសលើវិស័យ សេដ្ឋកិច្ច ឧស្សាហកម្ម សុខាភិបាល កសិកម្ម សេវាកម្ម កសិឧស្សាហកម្ម និងពាណិជ្ជូនីយកម្ម ដើម្បីប្រែក្លាយប្រទេស អភិវឌ្ឍន៍ប្រកបដោយវិបុលភាព សមធម៌ បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា​ មហោស្រពលើកទី៥នេះមាន គោលដៅ សំខាន់ៗដូចជា រក្សាភាពដៃគូរវាងក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ក្នុងការបង្ហាញពីភាព ពង្រីកវិសាលភាពការងារស្ទែម បង្ហាញពីភាពចូលរួមក្នុងនាមជាក្រសួងជាមួយដៃគូអភិវឌ្ឍន៍ នានា ជំរុញឱ្យគ្រប់ភាគី និងស្ថាប័នយកចិត្តទុកដាក់លើការអប់រំជំនាញ ឬអាជីពផ្នែកស្ទែម ជាពិសេសភ្ជាប់ចំណាច់អារម្មណ៍ចំពោះសិស្សានុសិស្សដែលកំពុងរៀននៅមធ្យមសិក្សា ទៅ កាន់សាកលវិទ្យាល័យតាមរយៈអាជីព ឬការអប់រំស្ទែម។ ដោយឡែកចំពោះ សកម្មភាពដែល នឹងត្រូវបង្ហាញ និងសម្តែងនៅក្នុងព្រឹត្តិការណ៍មហោមស្រពនេះក៏មានការរៀបចំ ពិព័រណ៍ ស្ទែម, ការប្រកួតរ៉ូបូតថ្នាក់ជាតិនៅកម្ពុជា, ការបង្ហាញគម្រោងស្ទែម ដែលផ្តល់ឱកាសឱ្យ​អ្នក ចូលរួមធ្វើពិសោធន៍ផ្ទាល់ និងអនុវត្តន៍ផ្ទាល់ ជាក់ស្តែងដោយខ្លួនឯង, ការបង្ហាញយុទ្ធនាការ​ផ្សព្វផ្សាយ “ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីកម្ពុជា”, ការប្រកូតជើងឯកស្ទែម, ការប្រកួត គណិតវិទ្យា ដោយប្រើបច្ចេកវិទ្យា និងការប្រគំតន្ត្រីខ្នាតធំជាដើម៕

ដោយ ប៊ុនរិទ្ធ