ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យមន្ដ្រីខណ្ឌទាំង១២ បន្ដចុះពិនិត្យមើលផ្លូវមានជង្ហុកត្រូវធ្វើការជួសជុលជាបន្ទាន់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យមន្ដ្រីខណ្ឌទាំង១២ និង មន្ទីរជំនាញ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបន្តចុះពិនិត្យមើល ផ្លូវជង្ហុក សម្បុកមាន់ និងផ្លូវខូចត្រូវជួសជុលជាបន្ទាន់ ដើម្បីសម្រួលចរាចរដល់ បងប្អូន ប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរ និងកាត់បន្ថយការចំណាយថវិកា ជាតិច្រើនផងដែរ។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានជំរុញបែបនេះ ខណៈដែលឯកឧត្ដម បានចូលរួម ប្រជុំជាមួយមន្រី្ដជំនាញពាក់ព័ន្ធក្រោមឱវាទ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលារាជធានី ដោយមាន ការចូលរួមពីអាជ្ញាធរខណ្ឌទាំង១២ និងមន្ទីរជំនាញចំណុះឱ្យរដ្ឋបាលរាជធានី ភ្នំពេញជា ច្រើននាក់ទៀត។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា មន្ដ្រីខណ្ឌទាំង១២ ត្រូវបន្ដចុះមើលផ្លូវជាប្រចាំ និងធ្វើការជួសជុលផ្លូវណាដែលបានខូចខាតក្រោយរដូវវស្សាកន្លងផុតទៅ បើផ្លូវណា ដែលខណ្ឌមិនមានលទ្ធភាពជួសជុល ខណ្ឌនោះត្រូវធ្វើរបាយការណ៍ឡើងមករដ្ឋបាលរាជ ធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយជាបន្ទាន់។ ដោយឡែកមន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវចូលរួមត្រូតពិនិត្យជាប្រចាំផងដែរ ។
ឯកឧត្ដមបានបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យ និងជួសជុលផ្លូវខូច ជង្ហុក សម្បុកមាន់នេះ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ និងចូលរួមកាត់ បន្ថយការចំណាយការចំណាយថវិកាជាតិ និងជាការទប់ស្កាត់កុំឱ្យ មានការខូចខាតដល់គ្រឹះ ខាងក្រោមផ្លូវផងដែរ។ ឯកឧត្ដម ឃួង ស្រេង ក៏តម្រូវឱ្យខណ្ឌត្រូវជូន ដំណឹងដល់ ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ត្រូវតែចូលរួមជួសជុលផ្លូវដែលរងការខូចខាតនេះ។
លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការជួសជុលផ្លូវខូច ជង្ហុកសម្បុកមាន់ ខណ្ឌ៤ក្នុងក្រុង មានខណ្ឌ៧មករា ចំការមន ដូនពេញ និងខណ្ឌទួលគោក គឺជួសជុលបាន៩២ភាគរយហើយ រហូតមកដល់ចុងខែមករានេះ ចំណែកខណ្ឌ៨ផ្សេងទៀត គឺជួសជុលបានតែ៣០ភាគរយទេ ដោយសារផ្លូវភាគច្រើន ជាផ្លូវបេតុង ដែលត្រូវចំណាយពេល និង ទំហំធំថវិកាច្រើន។
លោកប្រធានមន្ទីរបានលើកឡើងថា រហូតដល់ចុងខែមករានេះ នៅសល់ ផ្លូវចំនួន ១៤០ខែ្សទៀតមិនទាន់បានជួសជុល ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើង នឹងធ្វើឱ្យបានរួចរាល់ក្នុងរយៈពេល៤សប្តាហ៍ បន្ទាប់ពីចូលឆ្នាំចិន-វៀតណាមរួច៕
ដោយសួស សំរិត