ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋក្រីក្រជាង៧០០គ្រួសារបានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា ដោយលោក ហុក សុខរិន

កំពង់ធំ៖ រាជរដ្ឋាភិបាលតាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានធ្វើពិធីចាប់ឆ្នោតប្រគល់លេខដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្មដែលជាដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួចចំនួនជាង៧០០គ្រួសារ ដែលរស់នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

 

ពិធីនេះប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តជ័យរតនៈរង្សី (ហៅវត្តក្របៅ)។ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការចាប់ឆ្នោតនាពេលនេះទទួលបានដីឡូតិ៍លំនៅឋានទំហំ ៣០ x ៤០ម៉ែត្រ និងដីឡូតិ៍កសិកម្មទំហំ ២ហិកតា ក្នុងមួយគ្រួសារ។

ដីសម្បទានសង្គមកិច្ចនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនេះ មានទំហំ ១៩៩២,៧៩ហិកតា ដោយធ្វើការបែងចែកជាដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ដីសម្រាប់តំបន់រដ្ឋបាល ដីព្រៃសហគមន៍ ដីព្រៃជំនឿ និងអូរ ដីត្រពាំង ដីសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹក   ដីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ថា ការផ្តល់ដីលំនៅដ្ឋាននិងដីធ្វើ កសិកម្មនេះមានសារះសំខាន់ណាស់ ដើម្បីធានាឲ្យប្រជាពលរដ្ឋក្រីក្រទំាងនេះមានលំនៅដ្ឋានសមរម្យ ហើយអាចលើកកម្ពស់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារ បន្ទាប់មានដីធ្វើស្រែចំការរហូតដល់ជាង២ហិចតា។

ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីការចាប់ឆ្នោតក្នុងពេលនេះ សម្បទានិកនឹងចាប់ផ្តើមចូលតាំងទីលំនៅលើដីសម្បទានសង្គមកិច្ច ហើយតាមផែនការ គម្រោងនឹងផ្តល់ជូនប្រជាពលរដ្ឋនៅពេលចូលតាំងទីលំនៅដំបូងនូវសម្ភារៈសម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសីចំនួន៤០សន្លឹក អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករចំនួន២០០គីឡូក្រាម គ្រាប់ពូជបន្លែចំនួន០៦មុខ  ដើមឈើហូបផ្លែចំនួន០៥ប្រភេទក្នុងមួយគ្រួសារ គ្រាប់ពូជដំណាំគម្របដី កូនស្វាយចន្ធី និងជួយភ្ជួរដីកសិកម្មបន្ថែមទៀត។ ទន្ទឹមនឹងនេះ គម្រោងក៏នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុសិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព  និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម។

លើសពីនេះ គម្រោងនឹងផ្តល់នូវទុនបង្វិលប្រមាណជា ២៨០ដុល្លាក្នុងមួយគ្រួសារ ដើម្បីពង្រីកមុខរបរដាំដុះ និងចិញ្ចឹមសត្វ ហើយជារួមរាជរដ្ឋាភិបាលគ្រោងនឹងចំណាយ ទឹកប្រាក់ ប្រមាណជា៤លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍជូនបងប្អូនប្រជាពលរដ្ឋនៅលើដីសម្បទាន សង្គមកិច្ចនេះ។

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II)  ត្រូវបានអនុវត្តបន្តពីគម្រោង LASED ជំហានសាកល្បង  ដោយទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក និងការបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាក្នុងទឹកប្រាក់ប្រមាណ ជាង២៦លានដុល្លារអាមេរិក ដោយត្រូវអនុវត្តចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ អនុវត្តនៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចចំនួន១៤កន្លែង ក្នុងស្រុកចំនួន០៧ ឃុំចំនួន១២ នៃខេត្តគោលដៅចំនួន៥រួមមាន៖ ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ និងខេត្តកំពង់ស្ពឺ ដែលមានអ្នកទទួលផលសរុបចំនួន ៥ ១៤១គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ២៥ ២៦០នាក់ លើផ្ទៃដីចំនួន១៧ ០៤២,៨០ហិកតា៕