ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូ ធ្វើកំណាយស្រាវជ្រាវខឿនព្រះវិហារពុទ្ធសាសនានៅអង្គរធំ

AKP សៀមរាប ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូប្រទេសកាណាដា បើកគម្រោងស្រាវជ្រាវមួយឈ្មោះ “គម្រោងព្រះវិហារអង្គរ” (Angkor Vihara Project) ដោយបានធ្វើការសម្អាតទីតាំងខឿនព្រះពុទ្ធសាសនាថេរវាទចំនួន៨ទីតាំងនៅក្នុងក្រុងអង្គរធំ ហើយបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវសាកល្បងពីរទីតាំង។លោកបណ្ឌិត Andrew Harris អ្នកគ្រប់គ្រងគម្រោង Angkor Vihara Project ដែល ជាបុរាណវិទូនៃសាកលវិទ្យាល័យជាតិតូរូនតូបានឱ្យដឹងថា ការរកឃើញខឿនព្រះវិហារ ព្រះពុទ្ធសាសនានៅអង្គរធំនេះ គឺជាង១០០ឆ្នាំមកហើយដោយជនជាតិអាម៉េរិក បារាំង និងខ្មែរ ដែលមានចំនួនសរុប៧០កន្លែង។ ប៉ុន្តែការធ្វើកំណាយស្រាវជ្រាវសាកល្បង គឺតែពីរខឿន ព្រះវិហារព្រះពុទ្ធសាសនាទេ។

កន្លងមកមានការស្រាវជ្រាវតិចតួចណាស់ អំពីសំណង់ខឿនពុទ្ធសាសនាថេរវាទ នៅអង្គរ ដូច្នេះទើបសាកលវិទ្យាល័យជាតិតូរូនតូសហការជាមួយអាជ្ញាធរជាតិអប្សរាធ្វើ កំណាយសាកល្បងដើម្បីដឹងពីរចនាសម្ព័ន្ធសំណង់ ហើយសំណង់នេះសាងសង់ ពីសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧នៃគ្រិស្តសករាជ។

លោក Andrew បន្តថា ការស្រាវជ្រាវជំហានដំបូង គឺសម្អាតទីតាំងខឿនព្រះវិហារ ចំនួន៨កន្លែងផ្សេងៗគ្នា និងធ្វើកំណាយ២ទីតាំង។ ទីតាំងទី១ ស្ថិតនៅខាងជើងខ្លោងទ្វារទន្លេ អុំចម្ងាយប្រហែល៥០០ម៉ែត្រ បានរកឃើញបំណែកកុលាលភាជន៍ខ្មែរ-ចិន បំណែកព្រះហស្ថ ព្រះពុទ្ធ ទំហំប្រវែង៣៥សង់ទីម៉ែត្រ បល្ល័ង្គ និងរូបរាងរចនាសម្ព័ន្ធព្រះវិហារ។ ទីតាំងទី២ ស្ថិតនៅខាងលិចក្លោងទ្វារតាកាវប្រហែល៦០០ម គឺមិនមានចេតិយនៅ ក្រោយព្រះវិហារទេ មានតែខឿនរាបស្មើ មានផ្លូវចូលប្រវែង៥០ម៉ែត្រ មានកំពែងថ្មបាយ ក្រៀមព័ទ្ធជុំវិញ និងមានបល្ល័ង្គខ្ពស់នៅពីលើខឿន។ រីឯផ្នែកខាងត្បូង មានខឿនខ្ពស់សម្រាប់ ព្រះសង្ឃគង់។ បន្ថែមពីនោះមាននៅមុខព្រះវិហារធ្វើពីថ្មភក់និងថ្មបាយក្រៀម ដែលមានស្លាក ស្នាមមាន ដំបូលប្រក់ក្បឿង និងមានដំរីនៅពីមុខផ្លូវចូលចំនួនមួយ ដែលដេកដួលជាមួយ សន្លឹកសីមា (តាមការសន្និដ្ឋានគួរតែមានដំរី១គូ) ដែលដូចទៅនឹងខឿនព្រះវិហារនៅ ប្រាសាទតាទួត មានផ្លូវចូលក្រាលថ្មភក់លាយថ្មបាយក្រៀម និងដំរីអមផ្លូវ១គូ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អ្នកសម្របសម្រួលគម្រោងតំណាងភាគីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលដែលបានរកឃើញទាំងនេះបញ្ជាក់ថា ខឿនព្រះពុទ្ធសាសនាថេរ វាទពិតជាមានប្រាកដ មានរូបរាង និងទំហំខុសៗគ្នាច្រើនប្រភេទនៅអង្គរធំ។ ខឿនទាំងនេះ បង្ហាញពីការចាប់ផ្តើមនៃសំណង់ព្រះពុទ្ធសាសនាថេរវាទនៅតំបន់អង្គរ ក៏ដូចនៅស្រុកខ្មែរ ទាំងមូល។ ទៅអនាគត យើងត្រូវធ្វើបញ្ជីខឿនព្រះពុទ្ធសាសនាទាំងនេះ បែងចែកប្រភេទ ធ្វើកំណាយស្រាវជ្រាវ និងប្រៀបធៀបជាមួយសំណង់ប្រភេទនេះនៅក្នុងតំបន់។

ក្នុងនាមជាអ្នកស្រាវជ្រាវមានបទពិសោធន៍ សហប្រតិបត្តិការជាមួយអន្តរជាតិ ច្រើនគម្រោង លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ជាតិតូរូនតូដែលបានសហការស្រាវជ្រាវជាមួយអាជ្ញាធរជាតិអប្សរា ព្រោះការសហការជាមួយ ស្ថាប័នអន្តរជាតិធ្វើឱ្យខ្មែរបានរៀនសូត្រពីបច្ចេកទេសថ្មីៗ និងបានផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បុរាណវត្ថុ និងប្រាង្គប្រាសាទបុរាណខ្មែរទៅកាន់ពិភពលោក។ លើសពីនោះ យើងអាចសរសេរអត្ថបទ បោះពុម្ភផ្សព្វផ្សាយរួមគ្នាអំពីលទ្ធផលនៃការ ស្រាវជ្រាវដែលរកឃើញថ្មីៗ។

តាមរយៈកិច្ចការនេះ អ្នកជំនាញជាតិក៏មានឱកាសពង្រឹង សមត្ថភាពធ្វើការដោយខ្លួនឯង និងបន្តការសហការជាមួយអន្តរជាតិ ដើម្បីបង្កើនទំនាក់ ទំនងល្អឱ្យបានកាន់តែច្រើន។ ដោយសារការស្រាវជ្រាវនៅតែរកឃើញថ្មីរហូត ដូច្នេះ លទ្ធផលទាំងនោះអាចចូលរួមចំណែកបកស្រាយប្រវត្តិខ្មែរឱ្យកាន់តែទូលំទូលាយទៀត។
គួរបញ្ជាក់ដែរថា នេះជាស្ថាប័នទី៣ហើយដែលបានសហការជាមួយអាជ្ញាធរជាតិ អប្សរាដើម្បីកំណាយស្រាវជ្រាវពីការវិវត្តន៍នៃរចនាសម្ព័ន្ធព្រះវិហារព្រះពុទ្ធសាសនាថេរវាទ បន្ទាប់ពីសាលាបារាំងចុងបូព៌ា និងស្ថាប័នណារ៉ានៃប្រទេសជប៉ុន។ ខឿនព្រះវិហារ ព្រះពុទ្ធសាសនាថេរវាទនៅក្នុងក្រុងអង្គរធំ មានចំនួន៧០ទីតាំង អាយុកាលចាប់ពី សតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ មានរូបរាងខុសគ្នាតាមសម័យកាល៕

ដោយ ឃុត សៅ