ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមសភាAPPF អនុម័តសេចក្តីសម្រេចចំនួន១៤ ដើម្បីដាក់ឲ្យប្រទេសសមាជិកអនុវត្តន៍

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយលោក វ៉ាង ភក្តី
សៀមរាប៖ ក្រុមសភានៃប្រទេសជាសមាជិកវេទិកាសភាអាស៊ីប៉ាស៊ិហ្វិក ហៅកាត់ថា APPF បានសម្រេចអនុម័តនូវសេចក្តីព្រាងនៃសេចក្តីសម្រេចចំនួន១៤ ក្នុងចំណោមសំណើរចំនួន៤៣ ដែលបានបញ្ជូនមក ដើម្បីសុំការពិភាក្សា និងអនុម័ត នៅក្នុងអាណត្តិសភាកម្ពុជាធ្វើជាប្រធាន។
សេចក្តីប្រកាសទីក្រុងសៀមរាប ដែលអនុម័តដោយប្រទេសជាសមាជិកAPPFទាំង២១ប្រទេស នៅក្នុងកិច្ចប្រជុំលើកទី២៧នេះ គឺផ្តោតលើការដោះស្រាយបញ្ហារួមក្នុងតំបន់ជាអាទិ៍៖ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ការយកចិត្តទុកដាក់ចំពោះស្ត្រី និងក្មេងស្រី ការប្រយុទ្ធប្រឆាំងអំពើ ភេរវកម្ម និងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណេត ការទប់ស្កាត់បម្រែបម្រួល អាកាសធាតុ ការលើកកម្ពស់វិញ្ញត្តិវប្បធម៌ និងទេសចរណ៍ និងជាពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូ លើវិស័យពាណិជ្ជកម្មនិងវិនិយោគ នៅក្នុងតំបន់ឲ្យកាន់តែទូលំទូលាយថែមទៀត។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតំណាងនៃបណ្ដាប្រទេសជាសមាជិកAPPF បានឲ្យតម្លៃទៅសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបានលើកឡើងពីកង្វល់នានាដូចជា៖ បញ្ហាភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា ជាដើម និងស្នើសុំឲ្យប្រទេសជាសមាជិក ជួយចែករំលែកនូវទស្សនៈ គំនិតយោបល់ និងរួមគ្នារកមធ្យោបាយដើម្បីដោះស្រាយ។
ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំសេចក្តីព្រាងនៃកិច្ចប្រជុំAPPF បានឲ្យដឹងថា សេចក្តីព្រាងនៃសេចក្តីសម្រេចដែលមិនបានអនុម័តនៅក្នុងប្រទេសកម្ពុជា នឹងត្រូវយកទៅធ្វើការពិភាក្សា និងអនុម័តបន្តនៅក្នុងកិច្ចប្រជុំAPPF លើកទី២៨ នៅប្រទេសអូស្រ្តាលី នាឆ្នាំ២០២០។
ថ្នាក់ដឹកនាំ និងតំណាងប្រទេសសមាជិក APPF ចំនួន២១ប្រទសមានដូចជា៖ កម្ពុជា ចិន អូស្ត្រាលី ឡាវ រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ុងហ្គោលី ណូវ៉ែលហ្សឺឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈីលី ប៉ាពួញូហ្គីនៀ សិង្ហបូរី ជាដើម បានគាំទ្រការអនុម័តនូវសេចក្តីសម្រេចទាំងនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF នៃអាណត្តិលើកទី២៧ បានបង្ហាញក្តីសង្ឃឹមថា លទ្ធផលដែលទទួលបាននៅក្នុងកិច្ចប្រជុំនាពេលនេះ នឹងអាចដំណោះស្រាយលើបញ្ហាប្រឈមនានា សំដៅនាំមកនូវការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
វេទិកាAPPF ដែលត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ និង បច្ចុប្បន្ន មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស គឺជាវេទិកាជួបជុំរបស់តំណាងប្រជាពលរដ្ឋមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាវេទិកាដ៏សំខាន់ក្នុងការដើរតួនាទីជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសជាសមាជិក បន្តពង្រឹងនិងពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអនុវត្តនូវសេចក្តីសម្រេចចិត្តនានា ដែលវេទិកានេះបានអនុម័ត៕