ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្រាប់ពីមូលហេតុជុំវិញកំណើនអ្នកវិនិយោគចិនមកបណ្តាក់ទុន នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — បច្ចុប្បន្ននេះកំណើនអ្នកវិនិយោគិនចិនបាននិងកំពុងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាយ៉ាង ច្រើនដែលជាចលករមួយក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងវិស័យ ដែលមើល ឃើញថាមានការរីកចម្រើនខ្លាំងក្នុងពេលបច្ចុប្បន្ននេះគឺពាក់ព័ន្ធនឹងវិស័យដីធ្លី និងសំណង់ ដែលសុទ្ធ សឹងតែជាការវិនិយោគរបស់អ្នកវិនិយោគទុនជនជាតិចិន។ នេះបើតាមការអះ​អាងរបស់មន្រ្ដីជាន់ខ្ពស់នៃស្ថានទូតចិតប្រចាំនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩​ នៅស្ថានទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ​ប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា កំណើនអ្នកវិនិយោគចិនមកបណ្តាក់ទុនច្រើន​នៅកម្ពុជាដោយសារទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា មានភាពរឹងមាំ និង​រីកចម្រើន។ ឯកឧត្តមបញ្ជាក់ថា ក្នុងនោះស្ថិរភាពនយោបាយនៅកម្ពុជា​ក៏ជាកត្តាដែលជំរុញ​កំណើនអ្នកវិនិយោគចិននៅកម្ពុជា បូករួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាដែលធ្វើឱ្យកម្ពុជាមានភាពរឹងមាំល្អ ក៏ជាផ្នែកមួយទៀតដែលធ្វើ ឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុកនៅកម្ពុជាច្រើនផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា មួយវិញទៀតបរិយាកាស និងគោលនយោបាយរបស់កម្ពុជាល្អ ក៏ជាកត្តារួមផ្សំដែលធ្វើឱ្យ​អ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះ ការបង្កើនការវិនិយោគរបស់​វិនិយោគិនចិននៅកម្ពុជាគឺជាកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្ថែមថា តាមរយៈការវិនិយោគិនចិនមកបណ្ដាក់ទុន​នៅកម្ពុជា កាន់តែច្រើននេះ នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានការរីកចម្រើន និងបង្កើនឱកាស ការ​ងារច្រើនដល់ពលរដ្ឋកម្ពុជាផងដែរ៕ដោយ ចាន់ សុធីវង្ស រូបថត៖ ខឹម សុវណ្ណារ៉ា