ឯកឧត្តម ណឹម សុវត្ថិ ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោក វរសេនីយ៍ឯក វ៉ារ៉ាដាន គូម៉ា (Varadan Kumar ) នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមប្រភពពីក្រសួងការពារជាតិ។ ឯកឧត្តម ណឹម សុវត្ថិ បានមានប្រសាសន៍ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា និងឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺមានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដល់ការពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាការរួមចំណែកជួយពង្រឹងសមត្ថភាព កិច្ចប្រតិបត្តិការរក្សាសន្តិភាព របស់កងយោធពលខេមរភូមិន្ទផងដែរ។
ក្នុងឱកាសនោះ លោក វរសេនីយ៍ឯក វ៉ារ៉ាដាន គូម៉ា អនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរកម្ពុជា និងឥណ្ឌា ដែលមានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការនេះ បានផ្តោតសំខាន់ទៅលើការជួយបណ្តុះបណ្តាលដល់នាយទាហាន កងយោធពលខេមរភូមិន្ទ និងជំនាញប្រតិបត្តិការរក្សាសន្តិភាព។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងលោក វរសេនីយ៍ឯក វ៉ារ៉ាដាន គូម៉ា ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ការជួយឧបត្ថម្ភ សម្ភារដល់ កងយោធពលខេមរភូមិន្ទ ការជួយបណ្តុះបណ្តាលជំនាញដល់កងកម្លាំងប្រតិបត្តិការរក្សាសន្តិភាព និងការផ្លាស់ប្តូរទស្សនៈរវាងកងទ័ពទាំងពីរ កម្ពុជា និងឥណ្ឌា ផងដែរ៕
ដោយ សាយ សុន (រូបថត៖ក្រសួងការពារជាតិ)